នាយករដ្ឋមន្ត្រីវៀតណាមមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាម ។

ដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រី នៅព្រលានយន្តហោះអន្តរជាតិតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនលោក ឈិន កេតនា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ។
ដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលានេះ លោក ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ឡេ មិញ ហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ៕
ចែករំលែកព័តមាននេះ