ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ករណី​បិទ​សហគ្រាស គ្រី​អេ​ត ប្រ៊ី​ដ ដោយ​ធានា​ការ​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ស្របច្បាប់​ជូន​បងប្អូន​កម្មករ និង​ស្ត្រី​មាន​ផ្ទៃពោះ

1 នាទី មុន

ខេត្តកណ្តាល​ ៖ ករណី​សហគ្រាស គ្រី​អេ​ត ប្រ៊ី​ដ (SAHAKREAS CREATE BRIDGE) ស្ថិត​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បាន​ប្រកាស​បិទ​លែង​ដំណើរការ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ដោយ​សន្តិវិធី ដោយ​ភាគី​សហគ្រាស​បាន​ឯកភាព​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ស្របច្បាប់​ជូន​កម្មករនិយោជិត​សរុប​ជាង ២០០​នាក់ រួម​ទាំង​បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ​ផង​ដែរ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា​ករណី​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​បងប្អូន​កម្មករនិយោជិត​ទទួល​បាន​អត្ថប្រយោជន៍​ស្របច្បាប់​ចំនួន​៤​ចំណុចរួម​មាន​៖ ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បាន​បើក ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់ ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ៥% និង​ប្រាក់​ឈ្នួល​ដែល​កម្មករនិយោជិត​ត្រូវ​ទទួល​រហូត​ដល់​ពេល​ចប់​កិច្ចសន្យាការងារ​។ ទន្ទឹម​នឹង​នេះ បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ពី​៩​ខែ​ក៏​ទទួល​បាន​ប្រាក់​លំហែ​មាតុភាព​ចំនួន​៥០%​ពី​ក្រុមហ៊ុន​ផង​ដែរ​។

លោក ស៊ុន មេ​សា បញ្ជាក់​ថា​៖ “​ក្រុមការងារ​ក្រសួង​បាន​ដោះស្រាយ​យ៉ាង​លឿន និង​យកចិត្តទុកដាក់​បំផុត​ជូន​បងប្អូន​កម្មករ ហើយ​មក​ទល់​ពេល​នេះ កម្មករនិយោជិត​ប្រមាណ​ជិត​៦០%​បាន​ទទួល​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​របស់​ខ្លួន​តាម​ការ​សម្របសម្រួល ខណៈ​ក្រុមហ៊ុន​នឹង​បន្ត​អនុវត្ត​ការ​ទូទាត់​ជូន​កម្មករនិយោជិត​ដែល​នៅ​សេសសល់​ឱ្យ​បាន​គ្រប់​ចំនួន​តាម​ការ​ឯកភាព​”​។

ទន្ទឹម​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​នឹង​ចាត់​ក្រុមការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ចុះ​ជួយ​សម្របសម្រួល​ស្វែងរក​ឱកាស​ការងារ​ថ្មី​ជូន​បងប្អូន​កម្មករនិយោជិត​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ឱ្យ​ពួក​គេ​អាច​បន្ត​មានការ​ងារ និង​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​៕ អត្ថបទសហការ