ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​អង្គការ​ដៃគូ បន្ត​លើកកម្ពស់​សិទ្ធិ និង​សុវត្ថិភាព​ការងារ​សម្រាប់​បងប្អូន​កម្មករនិយោជិត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​កិច្ច​សន្ទនា​ថ្នាក់​ជាតិ ស្តី​ពី “​កាលានុវត្តភាពទីផ្សារ​ការងារ និង​ការ​លើកកម្ពស់​សិទ្ធិ និង​សុខ​សុវត្ថិភាព​ការងារ​ចំពោះ​កម្មករនិយោជិត​នៅ​កម្ពុជា​” នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​។ វេទិកា​ដែល​រៀបចំ​ឡើង​ដោយ វិទ្យាស្ថាន​ជាតិ​ការងារ សហការ​ជាមួយ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (​គ​.​ស​.​ក​.) មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អង្គការ​សង្គម​ស៊ី​វិល សហជីព និយោជក ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ សរុប​ជាង ២០០​នាក់​។

វេទិកា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ការងារ​របស់​និយោជក និង​កម្មករនិយោជិត ចែករំលែក​ព័ត៌មាន​អំពី​និន្នាការ​ទីផ្សារ​ការងារ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ ផ្សព្វផ្សាយ​សេវា និង​អត្ថប្រយោជន៍​របស់​បេឡា​ជាតិ​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​.) ព្រមទាំង​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ការងារ​។ វេទិកា​នេះ​ក៏​ជា​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ​ចែករំលែក​បទ​ពិសោធ ពិភាក្សា​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ឱកាស និង​រួម​គ្នា​ស្វែងរក​ដំណោះស្រាយ ដើម្បី​លើកកម្ពស់​ការងារ​សមរម្យ និង​សុខុមាលភាព​កម្មករនិយោជិត​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម ងុ​យ រិ​ទ្ធ បាន​គូសបញ្ជាក់​ថា វេទិកា​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ និង​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល សហជីព និយោជក និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់​ការងារ​សមរម្យ និង​សុខុមាលភាព​កម្មករនិយោជិត​។ ក្រសួង​បន្ត​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​កាលានុវត្តភាព ស្រប​តាម​អនុសាសន៍​គន្លឹះ​ទាំង ១០ ចំណុច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​អនុសាសន៍​ទាំង ១០ ចំណុច​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ស្ថិរភាព​ទីផ្សារ​ការងារ ការ​បង្កើន​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ការ​គ្រប់គ្រង​ការ​វិល​ត្រឡប់​របស់​ពលករ និង​ការ​ទាក់ទាញ​ការ​វិនិយោគ ដើម្បី​បង្កើត​ការងារ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​ប្រព័ន្ធ និង​ពង្រឹង​ភាព​ធន់​នៃ​ជីវភាព​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ ក្រសួង​បន្ត​ជំរុញ​កម្មវិធី​ជាតិ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ សម្រាប់​គោលដៅ ១,៥ លាន​នាក់ ព្រមទាំង​ជំរុញ​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជំនាញ​ឌី​ជី​ថ​ល ការ​ភ្ជាប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជាមួយ​វិស័យ​ឯកជន និង​កិច្ចសហការ​ជាមួយ​ដៃគូ ដើម្បី​បង្កើន​ឱកាស​ការងារ​សម្រាប់​យុវជន​។

ឯកឧត្តម ងុ​យ រិ​ទ្ធ បាន​បង្ហាញ​ឆន្ទៈ​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​អង្គការ គ​.​ស​.​ក​. អង្គការ​ដៃគូ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បង្កើន​ទីផ្សារ​ការងារ​ដែល​មាន​បរិ​យា​បន្ន ប្រកបដោយ​ភាព​ធន់ និង​ចីរភាព ព្រមទាំង​ជំរុញ​ការ​ផ្សព្វផ្សាយ​ច្បាប់​ការងារ ការ​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករនិយោជិត​ឱ្យ​បាន​ទាន់​ពេលវេលា​។

នា​ឱកាស​នេះ លោកស្រី លុយ ធា​រី នាយិកា​ប្រតិបត្តិ​ស្តីទី អង្គការ គ​.​ស​.​ក​. បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​កម្មករនិយោជិត ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ និង​យកចិត្តទុកដាក់​លើ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​៕ អត្ថបទសហការ