ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ភ្លៀងរលឹម​! ឯកឧត្ដម ឃួ​ង ស្រេង និង​ឯកឧត្ដម ហេង សួរ អញ្ជើញ​ជូន​ដំណើរបងប្អូន​កម្មករ​ និង​ពលរដ្ឋ​ ជិះ​រថយន្តក្រុង​ឥត​គិតថ្លៃ​ ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទោះបី​ភ្លៀងរលឹម​​ទ​ទឺ​ក​ជោក​ខ្លួន​យ៉ាងណា​ក៏​ដោយ​ ឯកឧត្ដម​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្ដម​ហេង សួ​រ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៩ តុលា​ ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-កម្មការិនី ​ឡើង​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ មុខ​ឃ្លាំង​សាំង ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ខណៈ​ដែល​ពួក​គាត់​ត្រូវ​ចាក​ចេញពី​ភ្នំពេញ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បងប្អូន​កម្មករ​-កម្មការិនី​រោងចក្រ ជិះ​រថយន្តក្រុង​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​ៗ ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​ជាដើម​នេះ មាន​កំណើន​កើន​ឡើងជា​លំដាប់ ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​អធិបតី​ហ៊ុន​ម៉ា​ណែ​ត ហើយ​ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តក្រុង​នេះ ពួក​គាត់​ទទួល​បាន​សុវត្ថិភាព​ផង​ដែរ​។

ឯកឧត្ដម​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ តាម​ការ​ណែនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​ការងារ ដើម្បី​រៀបចំ​ជូន​ដំណើរ ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤ ដោយ​មិន​គិតថ្លៃ តាម​ការ​ប្រើប្រាស់​សេវា រថយន្ត​សាធារណៈ​រាជធានី​ភ្នំពេញ​ដើម្បី ជួបជុំ​បងប្អូន​នៅ​រដូវបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

ជា​រៀង​រាល់​ឆ្នាំ រដ្ឋបាល​រាជធានី​ទទួល​នូវ​ការ​ណែនាំ និង​អនុសាសន៍ ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​រដូវ​បុណ្យ​ទាន​។ បន្ទាប់​មក​ទៀត នៅ​ក្នុង​នីតិកាល​ទី​៧​នេះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ ក៏​បន្ត​នូវ​ប្រពៃណី​នេះ តាម​គោលការណ៍របស់​សម្តេច​តេ​ជោ ដោយបាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​រថយន្ត ក្រុង​ចំនួន​៦០០​គ្រឿង ដើម្បី​ជូន​ដំណើរ​ពួក​គាត់ ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី​ជាតិ នៅ​តាម​បណ្តា​ខេត្ត​។ ប៉ុន្តែ​ឆ្នាំ​នេះ​ចម្លែក ដោយ​ឃើញ​បងប្អូន​ពលករ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​កិច្ច​ការងារ ប្រកប​មុខរបរ អាជីវកម្ម នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ទាំង​២៤​នេះ មាន​ចំនួន​ច្រើន​ជាង​មុន ដោយសារ​គាត់​បានឃើញ​អំពី​អត្ថប្រយោជន៍ ដែល​សម្តេច​ធិ​បតី បាន​ផ្តល់​ជូន​គាត់ ក៏​ដូច​ជា អ្នកបម្រើ​សេវា​ដឹក​ជញ្ជូន មាន​ភាសា​ផ្អែមល្ហែម ក្នុង​នាម​ជា​ជាតិ​តែ​មួយ ក្រោម ដំបូល​រាជរដ្ឋាភិបាល​តែ​មួយ​ក្រោម​ការ​ដឹកនាំ របស់​សម្តេច​ធិ​បតី​។

ភាព​ជិត​ស្និទ្ធ​នេះ បាន​ធ្វើ​ឲ្យ​គាត់​ងាក​មក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូនសាធារណៈរបស់​រថយន្តក្រុង ដោយ​មិន​គិត​តថ្លៃ​នេះ​ថែម​ទៀត​។

ទី​២​ទៀត គាត់អាច​សន្សំ​ថវិកា បាន​ម្នាក់​យ៉ាង​ហោច​ណាស់​១៥​ដុល្លារ ក្នុង​ពេល​ទៅ និង​ពេល​ត្រឡប់​មក​វិញ ១៥​ដុល្លារ​ទៀត​។ ដូច្នេះ​ហើយ ទើប​ពួក​គាត់​ងាក​មក​ប្រើប្រាស់​សេវា​នេះ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ឯកឧត្ដម ឃួ​ង ស្រេង​ ​បាន​បន្ត​ថា កម្មករ​ម្នាក់ យ៉ាងតិច​ត្រូវ​ចំណាយ​១៥​ដុល្លារ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ពលរដ្ឋ​បាន​មក​ទទួល​សេវា​ជិះ​រថយន្តក្រុង​នេះ​ប្រមាណ​៥ ម៉ឺន​នាក់​ទៅ​៦​ម៉ឺន​នាក់ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រជាពលរដ្ឋ​បាន​ច្រើន​។​នេះ ជា​គោលការណ៍​ដ៏​ឈ្លាសវៃ របស់​សម្តេច​ធិ​បតី បន្តវេន​ពី​សម្តេច​តេ​ជោ ហ៊ុន សែន​។

ឯកឧត្ដម ឃួ​ង ស្រេង​បន្ត​ថា តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី​ថា ទោះបីជា​អត់​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ​ក៏​ដោយ ប៉ុន្តែ​ក្រសួង បាន​ណែនាំ​ទៅ​ដល់​ម្ចាស់​រោងចក្រ កាលពី​ម្សិលមិញ ឃើញ​ថា បាន​បើក​ប្រាក់ខែ​ជូន​បងប្អូន​យើង​ហើយ បងប្អូន​យើង ត្រឡប់​ទៅ​ផ្ទះ​ជាមួយនឹង​រថយន្ត ដែល​មិន​គិតថ្លៃ​ហើយ មាន​ប្រាក់​ហោប៉ៅ សម្រាប់​ទៅ​ធ្វើបុណ្យ​ធ្វើ​ទាន​ផង​ដែរ នេះ​ជា​ការ​រួមចំណែក​មួយ​ដើម្បី​ធ្វើ​ម៉េច ឲ្យ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ពិធី​ដែល​យើង​ជួបជុំ​គ្នា សប្បាយចិត្ត​ទាំងអស់​គ្នា​បាន​។

បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​បានឱ្យ​ដឹង​ថា​ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៦០០​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​៕