ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ ហេង សួរ និង​ឯកឧត្តម ឃួ​ង ស្រេង ជូន​ដំណើរ​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត តាម​មធ្យោបាយ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​មិន​គិតថ្លៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែតុលា ឆ្នាំ ២០២៦ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ៦០០​គ្រឿង សម្រាប់​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន ដែល​មាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ជា​ការ​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ​នៅ​តាម​បណ្តា​ខេត្ត​នានា នៅ​ក្នុង​ឱកាស​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

ក្នុង​ឱកាស​នោះ បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិ​បតី លោក​ជំទាវ​បណ្ឌិត និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ផ្តល់​មធ្យោបាយ​បាន​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​គិតថ្លៃ ដែល​ជួយ​សន្សំ​សំចៃ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​បាន​មួយ​ចំនួន​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​ជូនពរ​ដល់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ធ្វើ​ដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​ទាំង​ពេល​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ពេល​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត តាម​រមណីយដ្ឋាន​នានា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ និង​ទាំង​ពេល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ផង​ដែរ​៕ អត្ថបទសហការ