ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកញ្ញា​​ ​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេល និង​បំបែកសំណុំរឿង​ព្រហ្ម​ទណ្ឌ​ជាង២០០​ករណី ឃាត់ខ្លួន​ជន​សង្ស័យ​ជាង​៣០០​នាក់​បញ្ជូន​ទៅ​តុលាការ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​ពេញ​មួយ​ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​នគរ​បា​ល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាង​សកម្ម ក្នុង​នោះ ​បាន​ទប់ស្កាត់បង្ក្រាប​ទាន់​ពេល និង​បំបែកសំណុំរឿង​ចំនួន​២០៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៣១៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល​មួយ​ខែ​នោះ មាន​ជា​អាទិ៍ បទល្មើស​ហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភ​សេពសន្ថវៈ ឃាតកម្ម ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​មនុស្សឃាត​អ​ចេតនា​។ ក្នុង​នោះ​បទល្មើស​កើតឡើង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ច្រើន​ជាងគេ គឺ​បទល្មើស​លួច​ដែល​មាន​សរុប​៩១​​ករណី និង​បទល្មើស​ហិង្សា​ចំនួន​៦៤​ករណី​ ។

របាយការណ៍​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា បទល្មើស​ទាំងនេះ កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ចំនួន​២០​ទៀត​រួម​មាន ខេត្តសៀមរាប ស្វាយ​រៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះ​វិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះ​សីហ​នុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹង​ត្រែង ព្រៃវែង បន្ទាយ​មាន​ជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ ។

ផ្អែក​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​២០០៩ ទោសទណ្ឌ​នៃ​បទល្មើស​នីមួយ​ៗ​ត្រូវ​បាន​កំណត់​មាន​ជា​អាទិ៍ បទ​ហិង្សា​ដោយ​ចេតនា ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន ទៅ​៦​លាន​រៀល​ ។ ករណី​ប្រព្រឹត្ត​ដោយ​គិត​ទុកជា​មុន ប្រើ​អាវុធ​ ឬ​គំរាមកំហែង​នឹង​អាវុធ និង​ធ្វើ​សកម្មភាព​ដោយ​មាន​មនុស្ស​ច្រើន​នាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​។

បទល្មើស​លួច តាម​មាត្រា​៣៥៦ បាន​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន ទៅ​៦​លាន​រៀល​ ។ បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា ដែល​ប្រព្រឹត្ត​ឡើង​មុន​ពេល ក្នុង​ពេល​ឬ​ក្រោយ​ពេល និង​ដោយ​ការ​កាប់​គាស់​ទម្លុះទម្លាយ ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំ ទៅ​១០​ឆ្នាំ ទៅ​តាម​កម្រិត​នៃ​ស្ថាន​ទម្ងន់ទោស​។ ចំពោះ​បទ​ឆបោក​តាម​មាត្រា​៣៧៨ បាន​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន ទៅ​៦​លាន​រៀល ​។ ករណី​ប្រព្រឹត្ត​ដោយ មន្ត្រីរាជការ ឬ​តាំងខ្លួន​ជា​មន្ត្រីរាជការ មានការ​ចាត់តាំង​ជា​ក្រុម និង​បុគ្គល​ដែល​អំពាវនាវ​ដល់​សាធារណជន ដើម្បី​អង្គាស​មូលនិធិ​សម្រាប់​ជំនួយ​មនុស្សធម៌ ត្រូវ​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ​។

ដោយឡែក បទ​ឃាតកម្ម តាម​មាត្រា​១៩៩​បាន​ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ និង​ដោយ​គ្មាន​ស្ថាន​ទម្ងន់ទោស​ដូចដែល​បាន​កំណត់​ក្នុង​មាត្រា​២០០ ដល់​មាត្រា​២០៥ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ក្នុង​ករណី​សម្លាប់​មនុស្ស​ដោយ​គិត​ទុកជា​មុន ឬ​ពួនស្ទាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ៕