ពលរដ្ឋងាយរងគ្រោះជាង២០០គ្រួសារ នៅស្រុកសេសាន ទទួលបានជំនួយសង្គ្រោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងក្រុមជនងាយរងគ្រោះចំនួន ២១៩ គ្រួសារ រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួលអំណោយសង្គ្រោះពីរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ពិធីប្រគល់អំណោយនេះបានរៀបចំឡើងនៅចំណុចអូរសេវ ក្នុងស្រុកសេសាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងអ្នកពាក់ព័ន្ធ។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក និងរស់នៅក្នុងតំបន់ដាច់ស្រយាល។
លោកបានបញ្ជាក់ថា ការផ្តល់ជំនួយនាពេលនេះ គឺជាការរួមចំណែកជួយបន្ធូរបន្ថយបន្ទុកចំណាយរបស់គ្រួសារដែលខ្វះខាត ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ក្នុងន័យមិនទុកឱ្យអ្នកដែលកំពុងជួបការលំបាកប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឡើយ។ សកម្មភាពនេះក៏មានអត្ថន័យជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិ ដែលប្រជាពលរដ្ឋខ្មែរតែងតែចែករំលែកក្តីស្រឡាញ់ និងការជួយយកអាសាគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តម សរ សុវណ្ណា បានបង្ហាញការគាំទ្រចំពោះសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដោយចាត់ទុកថា ការផ្តល់ជំនួយនេះជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែករបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងត្រូវការជំនួយជាបន្ទាន់។
តំណាងឱ្យគ្រួសារទទួលអំណោយទាំង ២១៩ គ្រួ សារ លោក សុវណ្ណេ ពិសេដ្ឋ បានសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត និងបង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង ២១៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១ បេ ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ មី ១ កេស និងថវិកាចំនួន ៥០.០០០ រៀល ដើម្បីជួយសម្រាលការលំបាក និងបង្កើនភាពកក់ក្តៅក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ៕




ចែករំលែកព័តមាននេះ