ខេត្តកំពង់ធំ៖ ប្រជាកសិករផលិតស្រូវប្រណិតនៅខេត្តកំពង់ធំ នឹងទទួលបានប្រាក់ចំណូលសមរម្យ តាមរយៈការបង្កើតចង្កោមអាជីវកម្មស្រូវប្រណិត ក្នុងនោះក៏ការផ្សារភ្ជាប់ផលិតផលទៅនឹងទីផ្សារទៀតផង។
យោងតាមការចុះផ្សាយរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីម្សិលមិញ កសិករផលិតស្រូវប្រណិត ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចងក្រងជាចង្កោមអាជីវកម្មស្រូវប្រណិត ដែលមានឈ្មោះថា “ចង្កោមអាជីវកម្មស្រូវប្រណិតបន្ទាយស្ទោង” ដោយមានការចូលរួមពី កសិករ សហគមន៍កសិកម្ម ឈ្មួញ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរ សរុបប្រមាណ ៦២នាក់។
ការបង្កើតចង្កោមអាជីវកម្មនេះ ដើម្បីងាយស្រួលក្នុងការគាំទ្រដល់ក្រុមកសិករផលិតស្រូវប្រណិត ជាមួយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ងដៃគូរពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហារួម ក្នុងខ្សែច្រវាតម្លៃស្រូវប្រណិត។
ជាមួយគ្នានោះ កសិករក្នុងចង្កោមអាជីវកម្មដែលទើបបង្កើតថ្មី មានសេចក្តីរីករាយចំពោះការបង្កើតចង្កោមអាជីវកម្មនេះ ។
លោកស្រី តាប់ ពិសី ប្រធានចង្កោមអាជីវកម្មដែលទើបបង្កើតថ្មី ដែលតំណាងកសិករចូលរួម បានបង្ហាញការគាំទ្រនិងប្តេជ្ញាចិត្តធ្វើការដើម្បីប្រយោជន៍រួមរបស់ចង្កោមអាជីវកម្ម។
សូមជម្រាបជូនថា ការបង្កើតចង្កោមអាជីវកម្មស្រូវប្រណិត នេះ គឺធ្វើឡើងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា”គម្រោងអេមស៍” អនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករតាមរយៈការផ្សារភ្ជាប់ផលិតផលទៅនឹងទីផ្សារ៕
ចែករំលែកព័តមាននេះ