ទីក្រុងវ៉ាសូវី៖ បន្ទាប់ពីមានករណីដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿងហោះចូលដែនអាកាសប៉ូឡូញ ពួកអឺរ៉ុបចាប់ផ្ដើមបញ្ចេញប្រតិកម្ម និងចាត់វិធានការក្ដៅជាបណ្ដើរៗហើយ។ ថ្ងៃនេះ ប្រទេសបារាំងប្រកាសថាខ្លួនត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ។ ចំណែកអង់គ្លេសប្រកាសដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតដោយផ្ដោតសំខាន់ទៅលើការទប់ស្កាត់ប្រាក់ចំណូលពីការលក់ប្រេង។ នេះជាវិធានការដំបូងៗរបស់អឺរ៉ុបដើម្បីជាសារនយោបាយប្រាប់ទៅទីក្រុងម៉ូស្គូថាបើសិនហ៊ានធ្វើខ្លាំងជាងនេះ អឺរ៉ុបមិនអាចនៅស្ងៀមតទៅទៀតទេ។
ប្រធានាធិបតីបារាំង លោកម៉ាក្រុង ថ្លែងថាលោកនឹងបញ្ជូនយន្តហោះចម្បាំងស៊េរីទំនើបម៉ាករ៉ាហ្វាល់ (Rafale) ចំនួនបីគ្រឿងដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ប៉ូឡូញផង និងការពារមូលដ្ឋានរបស់អង្គការណាតូនៅភាគខាងកើតផង។ នេះជាអ្វីដែលលោកធ្លាប់បានសន្យាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ ទូស (Donald Tusk)។
លោកម៉ាក្រុងថ្លែងថាការសម្រេចចិត្តបញ្ជូនយន្តហោះនោះបន្ទាប់ពីមានកិច្ចពិភាក្សាគ្នារវាងលោកជាមួយអគ្គលេខាធិការអង្គការណាតូ និងនាយករដ្ឋមន្ត្រីអង់គ្លេស។ លោកម៉ាក្រុងបង្ហោះសារនៅលើបណ្ដាញអ៊ិចថាបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុបជាអាទិភាពខ្ពស់បំផុតរបស់យើង។ យើងនឹងមិនចុះញ៉មទៅតាមការសម្លុតរបស់រុស្ស៊ីឡើយ។ ក្រសួងការបរទេសបារាំងថ្លែងថាយន្តហោះទាំងនេះនឹងចុះបេសកកម្មល្បាតជាមួយយន្តហោះរបស់អង្គការណាតូ ហើយនឹងជួយជ្រោមជ្រែងកងទ័ពជើងគោក។ ក្រៅពីផ្ដល់យន្តហោះ បារាំងក៏ផ្ដល់គ្រឿងបរិក្ខារយោធា និងគ្រាប់រំសេវផងដែរ។
ចំពោះការដាក់ទណ្ឌកម្មរបស់អង់គ្លេសទៅលើរុស្ស៊ីមានដូចជាការហាមឃាត់កប៉ាល់៧០គ្រឿងដែលដឹកជញ្ជូនប្រេងឆៅទាំងងងើលដោយមិនគោរពទៅតាមវិធានការនៃការដាក់ទណ្ឌកម្មទេ។ អង់គ្លេសចាត់ទុកកប៉ាល់ទាំងនេះជាកងនាវាស្រមោលរបស់រុស្ស៊ី។ បុគ្គលចំនួន៣០ ជារូបវ័ន្តបុគ្គល និងនីតិបុគ្គល (ក្នុងនោះមានក្រុមហ៊ុនចិន និងតួកគីមួយចំនួន) ក៏ត្រូវជាប់ទណ្ឌកម្មរបស់អង់គ្លេសផងដែរ។ អង់គ្លេសចោទប្រកាន់ថាស្ថាប័នទាំងនេះបានជួយផ្គត់ផ្គង់គ្រឿងបរិក្ខារអគ្គិសនី, សារធាតុគីមី, គ្រឿងផ្ទុះ និងគ្រឿងផ្សំដទៃទៀតសម្រាប់ផលិតអាវុធ៕
ចែករំលែកព័តមាននេះ