រាជធានីភ្នំពេញ៖ អង្គការយូនីសេហ្វ បានបញ្ជាក់ពីការប្តេជ្ញាបន្តជួយពង្រឹងកម្ពុជាលើប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។
យោងតាមការចុះផ្សាយរបស់ក្រសួងុខាភិបាល បានឱ្យដឹងថានាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អង្គការ UNICEF)។
បើតាមក្រសួង លោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដោយលោក Will បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល៥ ឆ្នាំ (Country Program) ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៦-ឆ្នាំ២០៣០៕
ចែករំលែកព័តមាននេះ