ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះអគារស្នាក់របស់កម្មករសំណង់នៅតំបន់អភិវឌ្ឍន៍OCICជ្រោយចង្វារបំផ្លាញអស់៤ខ្នងស្នើនឹង១០០បន្ទប់និងបង្កឱ្យរងរបួសចំនួន៣នាក់

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ អគារស្នាក់នៅរបស់កម្មករនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី(OCIC)ជ្រោយចង្វារត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យរងការខូចខាតអស់ចំនួន ៤ ខ្នងស្មើនឹង១០០បន្ទប់និង បង្កឱ្យមនុស្សរងរបួសចំនួន ៣ នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ២និង០០នាទីរសៀល ថ្ងៃទី១២​…

រាជធានីភ្នំពេញ៖ អគារស្នាក់នៅរបស់កម្មករនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី(OCIC)ជ្រោយចង្វារត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យរងការខូចខាតអស់ចំនួន ៤ ខ្នងស្មើនឹង១០០បន្ទប់និង បង្កឱ្យមនុស្សរងរបួសចំនួន ៣ នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ២និង០០នាទីរសៀល ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៥ នៅទីតាំងការដ្ឋានដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC ជ្រោយចង្វារក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលដែលកម្មករនាំគ្នាទៅធ្វើការស្រាប់តែភ្លើងបានឆាបឆេះចេញមកពីរោងស្នាក់នៅរបស់កម្មករហើយរាលដាល យ៉ាងឆាប់រហ័សបង្កទៅជាផ្សែងខ្មៅខ្មួល ខ្មាញ់ទៅលើអាកាសនិងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករដែលកំពុងធ្វើការនាំគ្នារត់ទៅយកអីវ៉ាន់ចេញ។

ភ្លាមៗអាជ្ញាធរនិងសមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាព ជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។ ដោយសារតែរោងស្នាក់នៅរបស់កម្មករសាងសង់ជាប់ៗគ្នានិងជាច្រើនជាន់ធ្វើឱ្យភ្លើងបានឆាបឆេះ រាលដាលយ៉ាងឆាប់រហ័សយ៉ាងសន្ធោសន្ធៅធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យមានការលំបាកនៅក្នុងការបាញ់ពន្លត់។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ៤៥ គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន១០០រថយន្ត​។នៅក្នុងនោះការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៦ឡាន ស្មើនឹង  ២៦៤ម៉ែត្រគុប និងរថយន្តជំនួយរួមមាន រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ឡាន ស្មើនឹង ៣៦ម៉ែត្រ ,រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ឡាន ស្មើនឹង ៥០ម៉ែត្រគុប ,រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០៨ឡាន ស្មើនឹង ៤៨ម៉ែត្រ ,រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រ ,រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ម៉ែត្រ ,រថយន្តអគ្គិភ័យទីក្រុងកោះនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ម៉ែត្រ ,រថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌជ្រោយចង្វារចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រ ,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១៧:៣០នាទីល្ងាច ខែឆ្នាំដដែល។

តាមនគរបាល បានឱ្យដឹងទៀតថា ទីតាំងដែលត្រូវភ្លើងឆេះជាអគារស្នាក់នៅរបស់កម្មករ ជាសំណង់សាងសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥.០០០ម៉ែត្ររ៉េ ហើយភ្លើងបានឆាបឆេះរងការខូចខាតអស់ចំនួន ០៤ខ្នង (ស្មើនឹង១០០បន្ទប់) អស់ទាំងស្រុង និងរបួស ០៣នាក់,១-ឈ្មោះ នឹម ដេរឹត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ក្រុមជំនួយស្ម័គ្រចិត្ត ការិយាល័យអគ្គិភ័យ ,២-ឈ្មោះ យ៉ុត នរៈពិទូ ភេទប្រុស អាយុ ២០ឆ្នាំ ក្រុមជំនួយស្ម័គ្រចិត្ត ការិយាល័យអគ្គិភ័យ និង៣- ឈ្នោះ ញន វីរ៉ូត ភេទប្រុស ២៣ឆ្នាំ មុខរបរ ជាងផ្នែកអគ្គិសនី ។

តាមនគរបាល បានឱ្យ ដឹងទៀតថា អគ្គិភ័យនេះពុំទាន់ដឹងពីមូលហេតុឡើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ