ទីក្រុងប៉េកាំង៖ ថ្មីៗនេះប្រទេសចិនបានបញ្ជូនកងទ័ពជើងទឹក និងជើងអាកាសទៅឃ្លាំមើលនាវាចម្បាំងរបស់អង់គ្លេស និងអាមេរិក២គ្រឿងដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ជាច្រកផ្លូវទឹកដ៏សំខាន់ និងមមាញឹក។ ប្រទេសចិនចាត់ទុកច្រកនេះជាទឹកដីរបស់ខ្លួន។ អ្នកនាំពាក្យចិនចោទប្រកាន់ថានាវាអាមេរិកឈ្មោះយូអែសអែស ហ៊ីហ្គីន (USS Higgins) និងនាវាចម្បាំងអង់គ្លេសអេចអឹមអែស រីចម៉ុន (HMS Richmond) បានធ្វើសកម្មភាពបង្កហេតុនៅលើតំបន់មាត់សមុទ្ររបស់ចិន។
អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅកងនាវាចរណ៍ទី៧របស់អាមេរិកប្រចាំប្រទេសជប៉ុន។ ប៉ុន្តែគ្មានការឆ្លើយតបទេ។ ក្រសួងការពារជាតិចិនក៏អ្នកសារព័ត៌មានព្យាយាមទាក់ទងដើម្បីស្នើសុំការឆ្លើយបំភ្លឺផងដែរ។ ប៉ុន្តែសុទ្ធតែទាក់ទងមិនបានដូចគ្នា។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថានាវាអាមេរិក និងអង់គ្លេសបើកកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីបញ្ជាក់ថាខ្លួនមានសិទ្ធិធ្វើដូច្នេះស្របទៅតាមច្បាប់អន្តរជាតិទាំងស្រុង។
ច្រកសមុទ្រតៃវ៉ាន់ជាដែនទឹកដែលខណ្ឌដាច់ពីគ្នារវាងប្រទេសចិនប្រជាមានិត និងកោះតៃវ៉ាន់។ ចិនចាត់ច្រកសមុទ្រនោះជាទឹកដីរបស់ខ្លួន។ ប៉ុន្តែតៃវ៉ាន់ជំទាស់នឹងគំនិតនេះ។ ចំណុចដែលស្ដួចជាងគេនៃច្រកសមុទ្រនេះមានទទឹងប្រវែង៨០ម៉ាយ (១២៨គីឡូម៉ែត្រ)។ នៅទីនេះជាកន្លែងប្រទាញប្រទង់គ្នារវាងប្រទេសសត្រូវទាំង២។ អាមេរិកបារម្ភថាចិនអាចនឹងសម្អាងទៅលើការមានប្រៀបខាងយោធាជាងតៃវ៉ាន់ ម៉្លោះហើយអាចនឹងវាយយកកោះនេះមកគ្រប់គ្រងនាពេលអនាគត។
ជានិច្ចកាល អាមេរិក និងក្រុមបស្ចិមប្រទេសឧស្សាហ៍បញ្ជូននាវាចម្បាំងបើកចូលតាមច្រកសមុទ្រតៃវ៉ាន់ដើម្បីបញ្ជាក់ថាខ្លួនមិនចង់ឱ្យមានការផ្លាស់ប្ដូរនៅច្រកសមុទ្រនេះទេ ហើយចង់រក្សាទុកស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល។ ចំណុចមួយទៀតការបើកនាវាទាំងនេះដើម្បីបង្ហាញការប្រឆាំងនឹងការលើកឡើងរបស់ចិនដែលថារាល់ការបើកបរកាត់ដែនសមុទ្រតៃវ៉ាន់ត្រូវតែស្នើសុំពីចិនជាមុនសិន។
កាលពីសប្ដាហ៍មុន ប្រទេសចិនបានចេញសេចក្ដីព្រមានកាណាដា និងអូស្ត្រាលីបន្ទាប់ពីប្រទេសទាំង២បើកនាវាកាត់ទីនោះ។ អ្នកនាំពាក្យយោធាចិន លោកស៊ីយី (Shi Yi) ថ្លែងថាអាមេរិក និងអង់គ្លេសកំពុងផ្ញើសារនយោបាយទាំងខុសឆ្គងសម្រាប់តៃវ៉ាន់។ ធ្វើដូច្នេះបានត្រឹមតែប៉ះពាល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់តែប៉ុណ្ណោះ។ អ្នកនាំពាក្យដដែលនេះថ្លែងថាយោធាចិនបញ្ជូនកម្លាំងទៅឃ្លាំមើលនាវាអាមេរិក និងអង់គ្លេសទាំង២គ្រឿងនោះ។ នេះបើតាមប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ