ទីក្រុងញូយ៉ក៖ កាលពីយប់មិញ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រការបង្កើតរដ្ឋ២នៅអ៊ីស្រាអែល។ មានន័យថាប្រទេសអ៊ីស្រាអែលផ្សេង ប្រទេសប៉ាឡេស្ទីនផ្សេងនាពេលអនាគត។ ការបោះឆ្នោតគាំទ្រសំណើនៃការបង្កើតរដ្ឋ២នោះធ្វើឡើងដោយសំឡេងគាំទ្រភាគច្រើនលើសលប់។ នៅក្នុងចំណោមរដ្ឋនានាដែលចូលរួមបោះឆ្នោតនោះ រដ្ឋចំនួន១៤២បោះឆ្នោតគាំទ្រសំណើនោះ, រដ្ឋចំនួន១០បោះឆ្នោតជំទាស់ និងរដ្ឋចំនួន១២បោះឆ្នោតអនុបវាទ។
សេចក្ដីថ្លែងការណ៍កម្រាស់៧ទំព័រនោះជាលទ្ធផលនៃកិច្ចប្រជុំជាអន្តរជាតិកាលពីខែកក្កដាដែលរៀបចំដោយប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីត និងមានគោលដៅស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេលរាប់ទសវត្សមកហើយ។ ប៉ុន្តែកាលនោះ អាមេរិក និងអ៊ីស្រាអែលធ្វើពហិកាមិនចូលរួម។ ដោយឡែកការបោះឆ្នោតអនុម័តសំណើកាលពីយប់មិញនោះធ្វើឡើងមុនពេលថ្នាក់ដឹកនាំប្រទេសមួយចំនួននៅលើពិភពលោកត្រៀមជួបគ្នានៅថ្ងៃទី២២ ខែកញ្ញាដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។
គេដឹងថាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិកដូចជាអង់គ្លេស កាណាដា និងអូស្ត្រាលីបានប្រកាសរួចហើយថាពួកគេនឹងប្រកាសគាំទ្ររដ្ឋប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការបោះឆ្នោតគាំទ្ររដ្ឋប៉ាឡេស្ទីន មហាសន្និបាតអង្គការសហប្រជាជាតិក៏ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអំពើវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ដែលនាំឱ្យកើតមានសង្គ្រាមរហូតមកដល់សព្វថ្ងៃ។ មហាសន្និបាតក៏បានប្រកាសថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជនស៊ីវិល និងទីតាំងស៊ីវិលនៅតំបន់ហ្កាហ្សា។
ក្រោយការបោះឆ្នោតគាំទ្រការបង្កើតរដ្ឋ២នោះ អាមេរិក និងអ៊ីស្រាអែលចាប់ផ្ដើមបញ្ចេញប្រតិកម្មតបវិញយ៉ាងខ្លាំងក្លា។។ អាមេរិកចាត់ទុកថាការបោះឆ្នោតនេះជាឈុតឆាកសម្ដែងបំភាន់ភ្នែកតែប៉ុណ្ណោះ ហើយអាចនឹងធ្វើឱ្យចុះខ្សោយដល់កិច្ចខិតខំប្រែងចរចាគ្នាតាមមធ្យោបាយការទូតដើម្បីបញ្ចប់សង្គ្រាម។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិចាត់ទុកថាការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនេះប្រៀបបាននឹងការជូនកាដូសម្រាប់ក្រុមហាម៉ាស់ដូច្នោះដែរ។
ចំណែកអ៊ីស្រាអែលដែលតែងតែរិះគន់អង្គការសហប្រជាជាតិជាយូរមកហើយនោះបានច្រានចោលការអនុម័តសេចក្ដីថ្លែងការណ៍ និងចាត់ទុកថាជាសេចក្ដីថ្លែងការណ៍ដែលមើលឃើញតែមួយជ្រុង។ អ៊ីស្រាអែលរិះគន់អង្គការសហប្រជាជាតិដែលមិនព្រមថ្កោលទោសក្រុមហាម៉ាស់ និងមិនព្រមចាត់ទុកពួកគេជាក្រុមភេរវកម្ម។ អ៊ីស្រាអែលយល់ថាការបោះឆ្នោតលើកនេះគ្រាន់តែជាល្ខោននយោបាយតែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ