ជីវិតជាស្វាមីនិងភរិយាត្រូវបានអ្នកខ្លះគិតថា គឺជាដំណើរនៃការជីករណ្តៅដ៏ជ្រៅនៃជម្រៅនៃសេចក្តីស្រលាញ់ ប៉ុន្តែសម្រាប់អ្នកដែលបែកបាក់ និងចែកផ្លូវគ្នាគឺពួកគេយល់ផ្ទុយពីនេះ ។
អ្នកដែលបែកបាក់គ្នាជាទូទៅ ដោយសារតែពួកគេមិនមែនចាប់ដៃគ្នា ដើម្បីជីករណ្តៅនៃក្តីស្រលាញ់ឲ្យជ្រៅនោះទេ តែបែរជាទៅជីករណ្តៅនៃក្តីមន្ទិលដាក់គ្នាទៅវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកលេងសង្គមមួយរូបបានចែករំលែកថា ស្វាមីនិងភរិយាមិនត្រូវរ៉ូវគ្នា មិនមែនព្រោះតែអស់ចិត្តស្រឡាញ់នោះទេ ប៉ុន្តែដោយសារតែអ្នកទាំងពីរគិតដូចគ្នាថា ពួកគេទាំងពីរម្នាក់ៗគឺកំពុងទូលនូវអម្រែកគ្រួសារធ្ងន់ជាងភាគីម្ខាងទៀត។
ខាងភរិយាគិតថា ខ្លួនរវល់តាំងពីព្រលឹមទល់ព្រលប់ ណាមើលថែកូន ណាកិច្ចការផ្ទះ ហើយនៅត្រូវទៅធ្វើការរកលុយទៀត ប៉ុន្តែប្តីមិនដែលឲ្យតម្លៃសោះ។ រីឯស្វាមីគិតថា ខ្លួនខិតខំធ្វើការឲ្យ
តត្រុក ហើយត្រូវរងសម្ពាធគ្រប់បែបយ៉ាងពីកន្លែងការងារ ហើយពេលត្រឡប់មកផ្ទះ ប្រពន្ធបែរជាមិនឲ្យតម្លៃវាទៅវិញ។
ប្រភពដដែលបានចែករំលែកបន្តថា មនុស្ស២នាក់ កង្វល់២ ហើយនៅកណ្តាលពួកគេ គឺរណ្តៅដ៏ជ្រៅមួយដែលគ្មានអ្នកយល់។ ពាក់ព័ន្ធនឹងចំណុចនេះ ប្រភពដដែលបានបន្តចែករំលែកថា ជាការពិតរវាងពួកគេទាំងពីរ គ្មានអ្នកណាទូលអម្រែកគ្រួសារស្រាលជាងអ្នកណានោះទេ។ ស្វាមីកំពុងតែប្រឹងប្រែងរកលុយនៅខាងក្រៅ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ផ្តល់ក្តីសុខឲ្យប្រពន្ធកូន។ ចំណែកប្រពន្ធកំពុងចំណាយពេលវេលា កម្លាំង និងភាពយុវវ័យរបស់ខ្លួន ដើម្បីថែរក្សាសុភមង្គលក្នុងគ្រួសារ។
ប្រភពដដែលបន្តថា អ្នកទាំង២ សុទ្ធតែលំបាក ហត់នឿយ និងរងសម្ពាធ តែដោយសារតែអ្នកទាំង២រវល់មើលពីការព្យាយាម ទុក្ខលំបាករបស់ខ្លួនឯងរហូតភ្លេចគិតពីការព្យាយាមប្រឹងប្រែងរបស់ភាគីម្ខាងទៀត ទើបនាំឲ្យអ្នកទាំង២ដើរដល់ផ្លូវបំបែក។
ដើម្បីកុំអោយចំណងនៃសេចក្តីស្រលាញ់ត្រូវកាត់ផ្តាច់ ព្រោះបញ្ហានេះ សូមបញ្ឈប់ការគិតបែបនោះត្រឹមនេះ ហើយគួររិះគិតម្តងទៀត។ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាទីលានប្រយុទ្ធ ឬកន្លែងថ្លឹងថ្លែងថា អ្នកណាធ្វើការរែកពន់ច្រើនជាងអ្នកណានោះទេ។ តែវាជាកន្លែង ដែលអ្នកទាំងពីរត្រូវរំលែក សម្រាលបន្ទុកគ្នាទៅវិញទៅមក ហើយកាន់ដៃគ្នាដើម្បីឆ្លងកាត់នូវការលំបាកមួយនេះ ឈានទៅរកសេចក្តីសុខ និងភាពរីកចម្រើននៅក្នុងគ្រួសារ។
នៅពេលដែលចិត្តអ្នកគ្មានការថ្លឹងថ្លែងនោះ ក្តីស្រឡាញ់អ្នកនឹងជ្រាលជ្រៅជាងនេះ ហើយនៅពេលដែលអ្នកទាំង២ យល់ពីភាពលំបាក ហត់នឿយរបស់គ្នាទៅវិញទៅមក នោះជីវិតអាពាហ៍ពិពាហ៍ទើបជាទីសំចតដ៏មានក្តីសុខក្នុងជីវិតរបស់អ្នក ។
ចែករំលែកព័តមាននេះ