ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ព្រមាន​ចាត់វិធានការតាម​ច្បាប់​លើ​ការ​រុករាន​ទន្ទ្រាន​ដី​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុស​មៈ​«​គិរី​រម្យ​»

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុមការងារ​ជំនាញ​របស់​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១០ ​និង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ និង​ចាត់វិធានការ​លើ​ទីតាំង​មួយ​កន្លែង​​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុមការងារ​ជំនាញ​របស់​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១០ ​និង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ និង​ចាត់វិធានការ​លើ​ទីតាំង​មួយ​កន្លែង​​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុស​មៈ​«​គិរី​រម្យ​» ដែល​ជនខិលខូច​បាន​ធ្វើការ​ឈូស​ឆាយ ទន្ទ្រាន​ដី សាងសង់ ដោយ​ខុសច្បាប់ ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

បើ​យោង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា ជនខិលខូច បាន​លួច​សាងសង់​ផ្ទះ​លំហែ​ចំនួន​១​ខ្នង ​(​សាងសង់​បាន​ប្រមាណ​៨០% ) បម្រុង​នឹង​សាងសង់​ផ្ទះ​ស្នាក់​មួយ​កន្លែង​ទៀត រោង​ប្រក់​តង់​ចំនួន​ពីរ បាន​ធ្វើ​របង​ព័ទ្ធ​បន្លា​លួស​តំបន់​ព្រៃ​មួយ​ផ្នែក​ប្រហែល​១៥០​ម៉ែត្រ ហើយ​កាប់​ដើម​ស្រល់​មួយ​ចំនួន និង​ការ​ដាំ​ដុះ​ដើម​ដូង​ប្រមាណ​២០​ដើម​។

យោង​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ ក្រសួង​កំពុង​ចាត់វិធានការ​ច្បាប់​ចំពោះ​ជនល្មើស ដែល​បាន​កាប់​រុករាន​ដី​ព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ស្រប​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្ម​ជាតិ មាត្រា​៨៥៥ ការ​ធ្វើ​សកម្មភាព​សាងសង់ ឬ​ធ្វើ​ប្រតិបត្តិការ​គម្រោង​បំពាន​ការ​ហាមឃាត់ និង​មាត្រា​៨៥០ ចំណុច «​ង​» ដឹក​ជញ្ជូន ប្រមូល ធ្វើ​សន្និធិ ឬ​ប្រមូល​សន្និធិ​ផល និង​អនុ​ផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ចំណុច «​ឌ​» បោះបង្គោល​ហ៊ុម​ព័ទ្ធ ឬ​ដាក់​សញ្ញា​សម្គាល់​លើ​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​កាន់កាប់​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​។

ក្រសួងបរិស្ថាន នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្រាវជ្រាវ និង​នាំ​ខ្លួន​ជនខិលខូច ដែល​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់ការពារធម្មជាតិ ទៅ​កាន់​តុលាការ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ជា​ធរមាន​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច ព្រមទាំង​អនុវត្តន៍​ទៅ​តាម​គោលការណ៍​បែបបទ​បច្ចេកទេស ស្រប​តាម​និ​តី​វិធី​ច្បាប់​ជា​ធរមាន ចំពោះ​ការ​អភិវឌ្ឍ រៀបចំ សាងសង់​សំណង់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ហើយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ឈូស​ឆាយ កាប់​រុករាន ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ដាច់ខាត​។

ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ក្នុង​មាត្រា​៣៧៩ ចំណុច «១» ការ​រៀបចំ​គម្រោង​ស្ថាបនា​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​គ្រប់​ប្រភេទ នៅ​ក្នុង​តំបន់ការពារធម្មជាតិ ត្រូវធ្វើ​ការពិគ្រោះ​យោបល់​ជា​មុន ជាមួយ​ក្រសួង​ទទួល​បន្ទុក​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ចំណុច «២» រាល់​គម្រោង​ស្ថាបនា សាងសង់​សំណង់​ឯកជន នៅ​ក្នុង​តំបន់ការពារធម្មជាតិ ត្រូវ​ទទួល​ការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង​ទទួល​បន្ទុក​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មាត្រា​៣៨៦ ការ​ហាមឃាត់​សិទ្ធិ​របស់​បុគ្គល ចែង​ថា «​បុគ្គល​ពុំ​មាន​សិទ្ធិ ផ្តល់​ការ​អនុញ្ញាត​ទោះ​ដោយ​ផ្ទាល់​ក្តី​ឬ​ប្រយោល​ក្តី ឱ្យ​រាន​ដី​ព្រៃ កាន់កាប់​ដី កាប់​ដើមឈើ ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ ឬ​ធ្វើ​សកម្មភាព​គ្រប់យ៉ាង ដើម្បី​ប្រមូល​ផល អនុ​ផល​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នេះ​»​។

ក្រសួងបរិស្ថាន​នឹង​បន្ត​នីតិវិធី​ច្បាប់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ករណី​រាល់​បទល្មើស​ធនធានធម្មជាតិ​ខាងលើ មិន​លើកលែង​ចំពោះ​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​បទល្មើស ដើម្បី​ធានា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវ​:​ចម្រុះ និង​ការ​រស់នៅ​ប្រកបដោយ​ចីរភាព ជា​ពិសេស​ការ​បង្កើន​គម្រប​បៃតង និង​ការ​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​នៅ​ឆ្នាំ​២០៥០ កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ