នៅទីបំផុត កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាទ្បកម្ពុជា ២០២៥ (Miss Universe Cambodia2025) បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយនៅក្នុងនោះថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានគ្រងម្កុដ ខណៈពេលដែលសុគា គីមលាង ឈ្នះលំដាប់រងទី១ និងពេជ្រ វត្តីសារ៉ាវឌ្ឍី ឈ្នះលំដាប់រងទី២ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត ដែលបានធ្វើឡើងកាលពីរាត្រី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បេក្ខភាពជ័យលាភីទាំង៣ បានបង្ហាញខ្លួនយ៉ាងល្អ និងបានទទួលការចាប់អារម្មណ៍ពីគណៈកម្មការពីមួយវគ្គទៅមួយវគ្គ ។
យ៉ាងណា នៅវគ្កផ្តាច់ព្រ័ត គណៈកម្មការក៏បានសម្រេចជ្រើសរើស ថៃ នារីសុជាតា ជាអ្នកគ្រងម្កុដ ដោយសារនាងមានលក្ខណៈគ្រប់គ្រាន់ទាំងរូបសម្រស់ ចំណេះដឹង ជាពិសេសការប្រើប្រាស់ភាសា បានយ៉ាងល្អ ។

បន្ទាប់ពីបានគ្រងម្កុដកញ្ញាឯកចក្រវាទ្បកម្ពុជា ២០២៥ នាពេលនេះ ថៃ នារី សុជាតា បានបង្ហោះសំណេររបស់ខ្លួនលើបណ្តាញ សង្គមថា ខ្ញុំមិនយល់សប្តិទេ… ខ្ញុំបានធ្វើវា.. យើងធ្វើបានហើយបងប្អូន ។
នាងបន្តថា ខ្ញុំបានរស់នៅក្នុងប្រអប់ និងលាក់ខ្លួនពីពិភពលោកដ៏ស្រស់ស្អាតនេះយូរមកហើយ ពេលនេះ ខ្ញុំបានសម្រេចចិត្តចេញពីវា ហើយទៅបង្ហាញអ្វីដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំទៅកាន់ពិភពលោកដ៏ធំនេះ ។

នាងបញ្ជាក់ថា រឿងសំខាន់ ដែលខ្ញុំចង់ឱ្យអ្នករៀនពីខ្ញុំថ្ងៃនេះ គឺជឿជាក់លើខ្លួនឯង ហើយកុំបន្ទោសខ្លួនឯង ។ ដូចដែលខ្ញុំបាននិយាយនៅលើឆាក «ខ្ញុំជ្រើសរើសផ្លាស់ប្តូរ និងប្រែការឈឺចាប់ទៅជាគោលបំណង ។ នោះហើយជារបៀបដែលខ្ញុំបានរកឃើញ ថាមពលរបស់ខ្ញុំ ។ នាងថា ជឿជាក់លើឱកាសទីពីរថា អាចបង្កើតកំណែថ្មី ដោយខ្លួនឯងក៏មិនឈប់ដែរ អរគុណដល់គ្រួសារខ្ញុំ / គ្រួសារ MUC07 ទីពីររបស់ខ្ញុំ.. អ្នក គឺជាបេះដូងរបស់ខ្ញុំ ។
ដោយឡែក បើទោះបីជាមិនបានគ្រងម្កុដ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចូលរួមអបអរសាទរទៅកាន់ ថៃ នារីសុជាតា ដែលបានឈ្នះពីកម្មវិធីនះ ។

តារាស្រី រូបនេះបានបង្ហោះសំណេររបស់ខ្លួនថា ក្នុងបទសម្ភាសន៍បិទទ្វារ Miss Universe Cambodia ចៅក្រមបានសួរយើងថា «បើមិនមែនអ្នក តើអ្នកគិតថា អ្នកណាសមនឹងទទួលបានមកុដ? ពីក្នុងបេះដូងរបស់ខ្ញុំ ចម្លើយរបស់ខ្ញុំ គឺ MUC 07 (លេខសម្គាល់របស់ ថៃ នារីសុជាតា) ។ នាងថា ខ្ញុំពិតជារំភើបចិត្ត ដែលនៅទីបញ្ចប់លេខដែលត្រូវហៅ គឺ MUC 07 ដូចដែលខ្ញុំបានឆ្លើយនឹងសំណួរដែលបានសួរ ។ ខ្ញុំពិតជា អរគុណចំពោះលទ្ធផលដែលនាងបានជាប់ជាអ្នកឈ្នះ ។
សូមអបអរសាទរដល់ម្ចាស់ក្សត្រីរបស់ខ្ញុំ ប្អូនស្រីរបស់ខ្ញុំ fiyata ខ្ញុំមានមោទនភាពចំពោះអ្នកខ្លាំងណាស់ ហើយសូមឱ្យដំណើរឆ្ពោះទៅមុខរបស់អ្នកមានពន្លឺភ្លឺថ្លាពេញសកលលោក ។

ចំណែក សុគា គីមលាង វិញ ក្រោយចប់ការប្រកួត នាងមិនបាននិយាយអ្វីច្រើនឡើយ ពោលនាងគ្រាន់តែអរគុណដល់អ្នកគាំទ្រ ដែលបានផ្តល់កម្លាំងចិត្តដ៏ធំមកកាន់រូបនាង ។
យ៉ាងណាក៏ ដោយសម្រាប់ជ័យជំនះរបស់បេក្ខភាពទាំង៣ ខាងលើនេះ គឺទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ខណៈពេលដែលមុនចូលថ្ងៃប្រកួតវគ្កផ្តាច់ព្រ័ត បេក្ខនារីទាំង៣នេះ សុទ្ធត្រូវបានគេដាក់ក្តីរំពឹងថា ពួកនឹងអាចគ្រងម្កុដពីកម្មវិធី Miss Universe Cambodia 2025 ៕




ចែករំលែកព័តមាននេះ