ពិតជាចង្រៃមែន ! នាំគ្នាកា.ប់ដើមត្នោតអាយុ ១៧០ឆ្នាំ ចោលអស់មិនតិច
- កំពត
ខេត្តកំពត ៖ បុគ្គលិកអគ្គិសនីទូកមាសស្រុកបន្ទាយមាសត្រូវបាននគរបាលស្រុកកំពង់ត្រាចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី 20 ខែសីហា ឆ្នាំ 2026 ខណៈពេលខាងបុគ្គលិកអគ្គិសនីក្រុមហ៊ុនឯកជនទាំង 3 នាក់នោះចូលខ្លួនមកដោះស្រាយជាមួយនឹងគណៈកម្មការអាចារ្យវត្ត និងព្រះតេជ្ជគុណចៅអធិការវត្តអង្គជុំព្រៃទប់ឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចពាក់ពន្ធ័និងការអារដើមត្នោតចំនួន 7 ដើមអមផ្លូវចូលវត្តដែលមានអាយុ 170 ឆ្នាំចោល ។ មានន័យថា កកើតវត្តចាស់ៗពីដើម គាត់ដាំដើមត្នោតនេះ អមផ្លូវចូលវត្ត ប៉ុន្តែអ្វីដែលបានមើលឃើញរឿងរ៉ាវខាងលើនោះ គឺខាងអគ្គិសនីបានដាំបង្គោលភ្លើង និងរាយខ្សែភ្លើងហើយមានការទើសចង្អៀត មិនអាចរាយខ្សែ និងដាំបង្គោលបាន ទើបខាងអគ្គិសនីអារដើមត្នោតឈរអមសងខាងផ្លូវចោលតែម្ដង ដោយមិនបានសុំពីចៅអធិការវត្ត និងគណៈកម្មការវត្ត រួមទាំងអាជ្ញាធរមូលដ្ឋានឃុំអោយបានជាក់លាក់ឡើយ កាលពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2026 កន្លងទៅនេះ ។
ព្រះតេជគុណ ម៉ោញ ពុទ្ធា មានព្រះជន្ម 35 ព្រះវស្សា ជាចៅអធិការវត្ត មានសង្ឃដីកាថា ខាងអគ្គិសនីមិនបានសុំខាងវត្តទេ ហើយថ្ងៃដែលគេអារដើមត្នោតនោះ ព្រះតេជគុណជាប់ទៅប្រជុំសង្ឃនៅខេត្តកំពតពេញមួយថ្ងៃ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ក្រោយពីអារដើមត្នោតរលំហើយ ក៍៏មានការដោះស្រាយប្រុងសម្រួលគ្នាជាមួយអគ្គិសនី ដើម្បីបញ្ចប់រឿង តែខាងអគ្គិសនីនិយាយមិនអាចទទួលយកបាន ថែមទាំងនិយាយថា ខាងក្រុមហ៊ុនអគ្គិសនីមិនមានគោលការណ៍៍សងសំណងផលប៉ះពាល់ឡើយ ធ្វើអោយតាអាចារ្យប្រតិកម្មភ្លាមៗ ។ លុះដល់ថ្ងៃទី 20 ខែសីហា ឆ្នាំ 2026 នេះ មានការដោះស្រាយម្ដងទៀតនៅអធិការនគរបាលស្រុកកំពង់ត្រាច ដែលមានភាគីខាងអគ្គិសនីជាប់ពាក់ព័ន្ធរឿងអារដើមត្នោតមានគ្នា 5 នាក់ តែចូលខ្លួនមកដោះស្រាយមានតែ 3 នាក់ឃាត់ខ្លួនតែម្ដង ដោយមានការអន្តរាគមន៍ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនោះក៍មានលោកអូន ខន អភិបាលស្រុកកំពង់ត្រាច ចាត់ចែងក្នុងការងារករណីខាងលើនោះដែរ ។
លោក ចែម ពិសី អធិការស្ដីទីនគរបាលស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី 21 ខែសីហានេះថា ករណីអារដើមត្នោតខាងនគរបាលកំពុងធ្វើការ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ