ឪពុកជាប់គុ.កមិនទាន់ចេញ រីឯម្ដាយចេញពីគុ.កហើយទៅនៅខេត្តឆ្ងាយ កូនប្រុសតូចចិត្តចង.កស.ម្លា.ប់ខ្លួន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យុវជនវ័យ១៦ឆ្នាំម្នាក់ ទំនងតូចចិត្តនឹងការរស់នៅក្នុងភាពឯកោ (ឪពុកជាប់គុកមិនទាន់ចេញ រីឯម្ដាយចេញពីគុកហើយទៅរស់នៅខេត្តឆ្ងាយទៀត) ទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង (ចង.ក) ដើម្បីបញ្ចប់ភាពឯកោនេះ កាលពីរសៀលថ្ងៃទី២០ សីហា នៅក្នុងភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ។

មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ផាន់ណា គឹមលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅចំណុចកើតហេតុ ។ ជនរងគ្រោះបានធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន នៅក្រោមផ្ទះរបស់ខ្លួន ដែលខ្ពស់ផុតពីដីបន្តិច ។ សាច់ញាតិ និងអ្នកភូមិបានដឹងរឿងនេះ ក្រោយពេលជនរងគ្រោះបានបញ្ចប់ជីវិតទៅហើយ ។
មន្ត្រីមូលដ្ឋានបានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗ បន្ទាប់ពីទទួលព័ត៌មាននេះ ដើម្បីសួរនាំ និងពិនិត្យទីតាំងកើតហេតុ ។ ជុំវិញករណីធ្វើអត្តឃាតរបស់យុវជនខាងលើនេះ បើតាមការស្រង់សម្ដីពីសាច់ញាតិ និងអ្នកភូមិដែលបានដឹងរឿងរ៉ាវខ្លះៗបាននិយាយថា យុវជនរូបនេះ ហាក់មានភាពឯកោជាខ្លាំងក្នុងជីវភាពរស់នៅ ។
ប្រភពដដែលបានបន្តថា ទាំងម្ដាយ ទាំងឪពុក សុទ្ធជាប់ពន្ធនាគារ តែគេមិនបានប្រាប់ពីដើមចមដែលអាណាព្យាបាលយុវជនកំសត់រូបនេះ ត្រូវជាប់ពន្ធនាគារនោះទេ។ ប៉ុន្តែគេបាននិយាយថា បច្ចុប្បន្ន ម្ដាយជនរងគ្រោះបានចេញពីពន្ធនាគារហើយ តែបានចេញទៅធ្វើការងារនៅខេត្តឆ្ងាយ រីឯឪពុកវិញ នៅជាប់ក្នុងពន្ធនាគារនៅឡើយ ទើបធ្វើឲ្យជនរងគ្រោះរស់នៅក្នុងភាពឯកោ តោកយ៉ាក ខុសពីក្រួសារដទៃៗទៀត នៅក្នុងភូមិ ។
ទំនងផ្ដើមចេញពីភាពឯការ ជាមួយនិងភាពអស់សង្ឃឹម រស់នៅតែលតោលក្នុងជីវិត បែបនេះហើយ ទើបធ្វើឲ្យយុវជនកំសត់រូបនេះ សម្រេចបញ្ចប់ជីវិតត្រឹមវ័យ១៦ឆ្នាំ ឲ្យអស់កម្មពីលោកលើលោកនេះទៅ ៕

ចែករំលែកព័តមាននេះ