ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបាន ស្រីមុំ ចុះសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ

4 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសនារសៀលថ្ងៃទី១៤ ខែកញ្ញានេះថា ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ…

ខេត្ត​ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសនារសៀលថ្ងៃទី១៤ ខែកញ្ញានេះថា ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ។

ជាប់ស្តែង ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ដោយ​ផ្ទាល់​ជាមួយ​បង ប្អូន​ពលករ ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​២៦០​នាក់ នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ក្រោម​ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្ដៅ ពី​សំណាក់​អាជ្ញាធរ ខេត្ត និង​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក និង​សេចក្ដី​ស្រលាញ់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុង​គ្រា​ដែល​មានការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ​មក​លើ​ទឹកដី​កម្ពុជា ។

ដោយ​សម្តេច​ទាំង​ពីរ តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលទេសៈ ដោយ​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។

លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ សូម​បន្ដ​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​យើង ព្រោះ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​តម្រូវការ​បុគ្គលិក​ធ្វើការ​ជា​ច្រើន​ផ្នែក​ផង​ដែរ ។

ក្នុង​ពេល​ដែល​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​ថៃ មិន​ទាន់​ដោះស្រាយ​រួចរាល់​ចំពោះ​បងប្អូន​ចំណាកស្រុក​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នោះ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ និង​អាច​ជួប​បញ្ហា​ប្រឈម​ជាមួយ​ពួក​ជ្រុលនិយម​ថៃ​មួយ​ក្ដាប់​តូច ដូច្នេះ​ហើយ​ត្រូវ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជាតិខ្មែរ​តែ​មួយ ដោយ​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​យើង ប្រើប្រាស់​ផលិតផល​របស់​យើង រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ និង​ខឿនសេដ្ឋកិច្ច​ជាតិ ក្រោម​ការ​ដឹកនាំ ដ៏​ឈ្លាសវៃ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង ។
លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​រំលឹក​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង​៧​ម៉ឺន​នាក់ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវ​ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​មួយ​ចំនួន ជាមួយ​គ្នា​នេះ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ។

សូម​ជម្រាប​ដែរ​ថា គិត​មក​ដល់​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ នៅ​ខេត្ត​ប៉ៃលិន មាន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​១៥០២​នាក់ និង​ជួយ​រក​ការងារ​ធ្វើ​បាន​ចំនួន ៧៥៩​នាក់ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ