ខេត្តព្រៃវែង ៖ បុរសជនជាតិបង់ក្លាដេសម្នាក់ ខណៈពេលកំពុងអង្គុយចាំគ្រូពេទ្យ នៅក្នុងគ្លីនិកឯកជនមួយ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានគាំងស្លា.ប់ភ្លាមៗមួយរំពេច ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងគ្លីនិកឯកជនមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ផល ឡា ស្ថិតក្នុងភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ អាឡាម ខូស៊ីត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិបង់ក្លាដេស ជាបុគ្គលិកការិយាល័យនៅក្នុងការដ្ឋានចិនអន្លង់ជ្រៃ ដែលស្ថិតក្នុងភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលកំពុងធ្វើការនៅក្នុងការដ្ឋានចិនអន្លង់ជ្រៃ ជនរងគ្រោះមានអាការៈមិនស្រួលក្នុងខ្លួន ធ្វើទុក្ខខ្លាំង ហើយមិត្តរួមការងារជនជាតិចិន ចំនួន២នាក់ បានដឹកជនរងគ្រោះ តាមរថយន្ត បំណងយកទៅព្យាបាលនៅភ្នំពេញ ប៉ុន្តែពេលមកដល់ឃុំក្របៅ ស្រុកកំចាយមារ ដោយអាការៈអ្នកជំងឺធ្វើទុក្ខខ្លាំងពេក ជនជាតិចិនទាំង២នាក់ ក៏យកជនរងគ្រោះចូលជួបគ្រូពេទ្យ សុំការសង្គ្រោះបឋម នៅក្នុងគ្លីនិក ដែលមានម្ចាស់ឈ្មោះ ផល ឡា ប៉ុន្តែខណៈពេលកំពុងអង្គុយរងចាំគ្រូពេទ្យ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង ។
ក្រោយពីធ្វើការត្រួតពិនិត្យ នឹងធ្វើកោសល្យវិច័យរួច ក្រុមគ្រូពេទ្យបានអះអាងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគាំងបេះដូង ។ ហើយសាកស.ព ក៏ត្រូវបានដឹកយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លា នៅរាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ