ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២៥ ៖ សមត្ថ​កិច្ច​​រាជ​ធា​នី​ទប់​ស្កាត់​បទ​ល្មើស​ថយ​​ចុះ​បង្ក្រាប​ការ​ឆ​បោក​តាម​ប្រព័ន្ធ​​បច្ចេក​​វិទ្យា​​ជាង​​៤០​ករ​ណី​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​បាន​យ៉ាង​ល្អ ទាំង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការ​ផ្តល់​សេវា​ជូន​ជូន​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ស្រប​ទៅ​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ។

ចំពោះ​សមិទ្ធផល​នានា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បាន​នា​ឆ្នាំ​២០២៥ មាន​ដូច​ជា ការ​កសាង​អភិវឌ្ឍន៍​ជា​ប្រចាំ​មាន ផ្លូវ ទឹក​ស្អាត អគ្គិសនី បណ្តាញ​ទូរគមនាគមន៍ សួនច្បារ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ស្ពាន​ឆ្លងទន្លេ និង​ប្រព័ន្ធ​លូ ប្រឡាយ ដែល​បាន​ធ្វើ​ឱ្យ​ការ​រំដោះ​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ល្អ​ប្រសើរ បាន​កែ​លម្អ​សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ប្រចាំ រៀបចំ​សួន​ខាងជើង​ក្រុង​ជាដើម ។ ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ត​ថា ក្នុង​ឆ្នាំ២០២៥ ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព កម្លាំង​មាន​សមត្ដ​កិច្ច​របស់​យើង​អនុវត្ត​ការងារ​បាន​ល្អ ទាំង​ការ​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និង​ល្បែ​ស៊ីសង​គ្រប់​ប្រភេទ ដោយ​យើង​បង្ក្រាប​បទល្មើស​បាន​៤៦៣​ករណី​លើ​៤៧៣​ករណី ថយ​ចុះ​១០​ករណី បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​បាន​ចំនួន​៤៤​ករណី ។

ចំណែក​ការងារ​ទេសចរណ៍​វិញ រាជធានី​ភ្នំពេញ បាន​កែ​ច្នៃ​តំបន់​ទេសចរណ៍​ឱ្យ​មាន​លក្ខណៈ​សម្បូរ​បែប ដោយ​ទទួល​បាន​ភ្លៀវ​ទេសចរ​ជាតិ -​អន្តរជាតិ បាន​ប្រមាណ​៨​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់ សម្រាប់​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ​(Walk Street) រហូត​មាន​ភាព​ល្បីល្បាញ​និង​ទាក់ទាញ​ដល់​ឆាក​អន្តរជាតិ ។​

ឯកឧត្តម ឃួ​ង ស្រេង បានឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ទៅ​ជួរ​មុខ​បាន​ចំនួន ៥០​លើក (៣៥​រថយន្ត​ធំ និង​៥៥ កុងតឺន័រ​) មាន​សម្ភារៈ​ជា​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​រួម​មាន អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​ជា​ថវិកា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី លោក​ជំទាវ​បណ្ឌិត តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អំណោយ​របស់​សប្បុរសជន​មាន​ថវិកា​និង​សម្ភារៈ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ យើង​បាន​បែងចែក​ក្រុម​ពិភាក្សា​ចំនួន​៥​ក្រុម ដើម្បី​រក​ចំណុចខ្លាំង ចំណុចខ្សោយ និង​រក​ធាតុ​ចូល ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ សម្រេច​បាន​ជោគជ័យ​ថ្មី​ៗ​ទៀត​នា​ឆ្នាំ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ