រាជធានីភ្នំពេញ៖ ភ្លើងបានឆេះភ្នំសំរាមនៅទីលានចាក់សំរាមជើងឯកសន្ធោសន្ធៅ និងមានផ្សែងខ្មៅឃ្មួលខ្មាញ់កប់អាកាសវេហាស៍ដោយពុំដឹងមូលហេតុ ប៉ុន្តែសមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីអ្នករើសអេតចាយដុតសម្ភារៈផ្សេងយកដែក ឬស្ពាន់លក់អេតចាយ ឬក៏អាចមកពីការបោះចោលកន្ទុយបារីផ្ដេសផ្ដាសជាដើម ។ ពេលភ្លាមៗនោះអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានចេញទៅបាញ់ទឹកពន្លត់រួមជាមួយក្រុមការងារនៅទីលានចាក់សំរាមនោះយកគ្រឿងចក្រឈូសឆាយកាយត្រឡប់ចុះឡើងៗលុបផងបានរលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលច្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីលានចាក់សំរាមជើងឯក ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា កន្លងមកនៅទីលានចាក់សំរាមខាងលើធ្លាប់ត្រូវបានភ្លើងឆាបឆេះជាបន្តបន្ទាប់មកហើយដែរ ដែលសង្ស័យថា បណ្ដាលមកពីក្រុមអ្នករើសអេតចាយដុតសម្ភារះផ្សេងយកដែក ឬស្ពាន់លក់អេតចាយ ឬក៏អាចមកពីការបោះចោលកន្ទុយបារីផ្ដេសផ្ដាសលើសំរាមស្ងួតងាយនិងមានការឆេះ ។ ទើបបណ្ដាយឲ្យភ្លើងឆេះឡើង ប៉ុន្តែពុំដែលបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយក៏មិនដែលបានឆេះដល់ផ្ទះសម្បែងអ្នកស្រុកនោះដែរ ព្រោះនៅពេលឆេះម្ដង ត្រូវបានពន្លត់រលត់ទៅវិញ និងមិនបានឆេះរាលពេញភ្នំសំរាមដ៏ធំទាំងមូលនោះឡើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែកនៅវេលារសៀលថ្ងៃទី១៤ ខែមករានេះស្រាប់តែមានភ្លើងឆេះបង្កឲ្យមានការភ្ញាក់ផ្អើលម្ដងទៀត ដែលមើលពីចំម្ងាយទៅឃើញអណ្ដាតភ្លើងសន្ធោសន្ធៅ និងមានផ្សែងខ្មៅឃ្មួលខ្មាញ់ ហោះឡើងលើកប់អាកាសវេហាស៍ ។ ខណៈនោះដោយមានការព្រួយបារម្ភខ្លាចក្រុមការងារនៅទីលានចាក់សំរាមខាងលើនោះពន្លត់អត់ឈ្នះនាំឲ្យឆេះរាលពេញភ្នំសំរាមទាំងមូល ទើបអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចេញទៅបាញ់ទឹកពន្លត់រលត់ទៅវិញទាំងស្រុង ៕







ចែករំលែកព័តមាននេះ