រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន
ពាក់ព័ន្ធករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍ គឺមិនពាក់ព័ន្ធនយោបាយនោះទេ ។
អ្នកនាំពាក្យ ជម្រាបជូនថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និងទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ជនសង្ស័យបន្ទាប់មក ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្ដាញសង្គមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្ដុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ ផ្ដួលរំលំ រាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ។
ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។ ពោលការអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹង នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចថា ការអនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យ ផ្នែកនយោបាយ។ ដោយការផ្សព្វផ្សាយចោទប្រកាន់នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ