រាជធានីភ្នំពេញ ៖ លោក ស៊ាង ប៊ុនលាង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយគណៈអភិបាលខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម ។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃ បានប្រកាសនារសៀលថ្ងៃទី២១ ខែតុលានេះ ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយគណៈអភិបាលខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ឡាវ វៀតណាម ស្របតាមផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ នៅបន្ទប់លេខ៨៩០ ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង សមាជិកក្រុមការងារអចិន្ត្រៃយ៍ ។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបានឯកភាពលើការងារមួយចំនួនដូចខាងក្រោម ៖
-ផ្តោតការងារលើបញ្ហានៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃសិន និងជំរុញដល់រដ្ឋបាលខេត្តឱ្យបំពេញព័ត៌មាន ទិន្នន័យ និងឯកសារ ដែលក្រុមការងារអចិន្ត្រៃយ៍ត្រូវការសម្រាប់រៀបចំផែនការត្រៀមបម្រុងទុក ។

-បន្តចុះពិនិត្យ និងបំពេញការងារនៅខេត្តអាទិភាព ដែលមានជនភៀសសឹកកំពុងស្នាក់នៅរួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រមទាំងបន្តទៅខេត្តផ្សេងទៀតនៅតាមព្រំដែនថៃ តាមការជាក់ស្តែង ។

-ពេលចុះបំពេញការងារនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម និងឡាវ នឹងភ្ជាប់ជាមួយពាក្យ «គ្រោះមហន្តរាយ» ក្នុងន័យបញ្ចៀសការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ និងប្រទេសជិតខាង ។
ជាកិច្ចបញ្ចប់ អង្គប្រជុំបានប្រគល់ភារកិច្ចជូនលោក គង់ ច័ន្ទដារ៉ា អគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ និងលោក សុង ហេង អគ្គនាយករងរដ្ឋបាល សហការលើកគម្រោងសំណើសុំថវិកាចំណាយសម្រាប់បំពេញការងារបន្តរបស់ក្រុមការងារអចិន្ត្រៃយ៍នៅតាមបណ្តាខេត្តនាពេលខាងមុខ ៕




ចែករំលែកព័តមាននេះ