ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើនអភិបាលខេត្តកណ្តាល ស្នើឲ្យអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយក្នុងការសម្របសម្រួល ដោះស្រាយដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ នេះបើតាមក្រសួងព័ត៌មានបានផ្សាយនាយប់ថ្ងៃទី១៤ ខែកញ្ញានេះ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ។
ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្តថា ៖ បងប្អូនវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គី ក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោល គឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរៈកងទ័ពរបស់យើងអោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ ។

ឯកឧត្តម បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ការពារ អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា មិនឱ្យចោរសៀមឈ្លានពានបានឡើយ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រូសារវីរៈកងទ័ពទាំងអស់ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ប្រឆាំងសត្រូវឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា នៅសមរភូមិក្រោយ នឹងធ្វើជាកម្លាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារៈ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេសយកចិត្តទុកដាក់ដល់ក្រុមគ្រូសារវីរៈកងទ័ពគ្រប់បែបយ៉ាង ។

មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដោយត្រូវខិតខំជួយស្វែងរកការងារធ្វើជូនពួកគាត់តាមជំនាញដើម្បីបានប្រាក់ផ្គត់ផ្គង់ក្រុមគ្រួសារ ។ ក្រៅពីនេះក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យតាមទីអារាមនានា ប្រកបដោយរបៀបរៀបរយ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

ក្នុងនោះដែរ រដ្ឋបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវគ្រួសារវីរៈកងទ័ពដែលមកសំណេះសំណាលនាឱកាសនោះដែរដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស មី១កេស, ទឹកត្រី១យួរ ទឹកស៊ីវ ១យួរ ប្រេងឆា១ដប ប្រហុក១ គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ