រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ចំណុច ជិតស្ពានអាកាស ចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹកស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួន ដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគ នាល្ងាចថ្ងៃព្រហស្បត្តិ៍ និងល្ងាចថ្ងៃសៅរ៍ ។

ក្នុងដំណើរការចុះពិនិត្យខាងលើនេះ លោកឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការ ជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូលបិទទ្វារ ទឹកប្រឡាយស្របផ្លូវរថភ្លើងជាបណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ ស្រក ងាយស្រួលធ្វើចរាចរណ៍ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត ដើម្បីកុំឪ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា ៖ ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣ កញ្ញាយ៉ាងពេញទំហឹង ធ្វើឲ្យិតំបន់មួយចំនួនត្រូវជន់លិច ។ តែរហូតមកដល់ព្រឹកថ្ងៃទី១៤ កញ្ញា ទឹកបានស្រកអស់ប្រមាណ៧០% នៅសល់៣០%ទៀត អាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយ បើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ ។
ជាទូទៅ ស្ថានភាពជំនន់ទឹកភ្លៀង បានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុង ការរំដោះ និងបញ្ជៀសទឹកទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់ រួមទាំងដំណើរការបូមទឹកនៃស្ថានីយ៍បូមទឹក ព្រមៗគ្នាតាមស្ថានីយជាង១០ទីតាំង ដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង ។

លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤ នឹងបើកឲ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤ និងណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋានត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជា រៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំង ដែលត្រូវជន់លិចនៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
គួររំលឹកថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើរគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកក់ស្ទះផងដែរ ។ តែទោះជាយ៉ាងនេះក្តី លោកឃួង ស្រេង មិនបានប្រងើយកន្លើយឡើយ ដោយបានចុះពិនិត្យដោយផ្ទាល់ និងបានណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ និងឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុង ជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤ ។

យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះបានឲ្យិដឹងថា ស្ថានភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស ៕


ចែករំលែកព័តមាននេះ