ទីក្រុងប៉េកាំង ៖ ទិន្នផលរោងចក្រ និងការលក់រាយរបស់ប្រទេសចិនបង្ហាញពីកំណើនខ្សោយបំផុតចាប់តាំងពីឆ្នាំមុន គិតត្រឹមខែសីហាកន្លងទៅ ដោយបន្តរក្សាសម្ពាធលើរដ្ឋាភិបាលប្រទេសនេះឱ្យបង្កើនការជំរុញបន្ថែមទៀត ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ទិន្នន័យការិយាល័យស្ថិតិជាតិចិន ហៅកាត់ថា NBS នៅថ្ងៃទី១៥ ខែកញ្ញា បានបង្ហាញថា ទិន្នផលឧស្សាហកម្មប្រចាំខែសីហាបានកើនឡើង ៥,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាការធ្លាក់ខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំមុន និងទាបជាងការកើនឡើង ៥,៧% នៅក្នុងខែកក្កដាកន្លងទៅ។ ការលក់រាយក្នុងខែសីហា ដែលជារង្វាស់នៃការប្រើប្រាស់បានកើនឡើង ៣,៤% ដែលជាល្បឿនយឺតបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន និងទាបជាងការកើនឡើង ៣,៧% នៅក្នុងខែកក្កដាកន្លងទៅ។
ការវិនិយោគទ្រព្យសកម្មថេរ សំដៅលើការវិនិយោគដើមទុនបន្ថែមបានកើនឡើង ០,៥% ដែលជាការកើនឡើងយឺតជាងការរំពឹងទុកក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងទាបជាងពី ១,៦% ក្នុងខែមករាដល់ខែកក្កដា ឆ្នាំនេះ ដែលជាការកត់សម្គាល់ពីដំណើរការដ៏អាក្រក់បំផុត ក្រោយជំងឺរាតត្បាតកូវីដ១៩។
ជាមួយទិន្នន័យខកចិត្តនេះ បណ្តាអ្នកសេដ្ឋកិច្ចបានចោទសួរថា តើបញ្ហានេះ នឹងត្រូវការការគាំទ្របែបណាបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ចិនប្រហែល ៥% ក្នុងឆ្នាំនេះ ខណៈដែលបណ្តាក្រុមហ៊ុនផលិតកំពុងរង់ចាំភាពច្បាស់លាស់បន្ថែមទៀតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក និងតម្រូវការប្រើប្រាស់ក្នុងស្រុកដែលត្រូវបានរាំងស្ទះដោយវិបត្តិទីផ្សារការងារ និងអចលនទ្រព្យ។
អាជ្ញាធរកំពុងពឹងផ្អែកលើក្រុមហ៊ុនផលិតស្វែងរកទីផ្សារថ្មី ដើម្បីទូទាត់គោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកមុនបានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងកម្សោយនៃការចំណាយរបស់អ្នកប្រើប្រាស់៕

ចែករំលែកព័តមាននេះ