រាជធានីភ្នំពេញ ៖ ចោរបន្លំលួចយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញរហ័សនាម «ធីដៃមួយពាន់» ត្រូវបានកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការបង្ក្រាបបានហើយបន្ទាប់ពីធ្វើសកម្មភាពចូលបន្លំលួចលុយពីស្ត្រីម្នាក់ បានសម្រេច នៅក្នុងផ្ទះលេខ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧និង២៦នាទី ។
ជនសង្ស័យរូបនោះ ឈ្មោះ ប៊ុន ធី ហៅធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជាមុខសញ្ញាចាស់ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៤៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ,លោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារៈ រួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LM-3496 របស់ជនសង្ស័យធ្វើសកម្មភាព ។
បច្ចុប្បន្ន កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកព័តមាននេះ