រាជធានីភ្នំពេញ ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ សង្ស័យមានជំងឺប្រចាំកាយ បានដេកស្លាប់ក្នុងបន្ទប់ជាន់ឡៅតឿ ទាល់តែធំខ្លិនស្អុយ ទើបផ្អើលប្រជាពលរដ្ឋរាយការណ៍ជូនសាច់ញាតិក៍ដូចជាសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ កាលពីវេលាម៉ោងនិង៥ល្ងាច ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ នៅផ្ទះល្វែងលេខ១៨Gចំហៀង ផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហួត ហៀង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះ គឺបានចែកផ្លូវគ្នាជាមួយក្រុមគ្រួសារជាច្រើនឆ្នាំមកហើយ ដោយគាត់មកស្នាក់នៅផ្ទះកើតហេតុតែម្នាក់ឯង ហើយប្រកបរបរលក់កាហ្វេនិងភេសជ្ជៈផ្សេងៗ នៅមុខផ្ទះ ។
តាមប្រភពដដែលបានបន្តទៀតថា លុះមកដល់រយៈពេលប៉ុន្មានថ្ងៃ មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺគេឃើញបុរសជនរងគ្រោះគឺចេញដើរធម្មតា តែមានអាការៈហាក់បីដូចជារៀងទ្រុឌទ្រោមបន្តិចដោយមិនដឹងថា គាត់មានជំងឺអ្វីប្រចាំកាយអ្វីនោះទេ ។ លុះមកដល់ថ្ងៃដែលភ្ញាក់ផ្អើល គឺពួកគាត់ជាអ្នកជិតខាង បានធុំក្លិនស្អុយចេញពីផ្ទះខាងលើ ហើយឃើញទ្វារផ្ទះចាក់សោពីក្នុងថែមទៀត ។ ពួកគាត់ជាអ្នកជិតខាង បានតេទូរសព្ទ័ទៅសាច់ញាតិរបស់ជនរងគ្រោះត្រូវជាកូនអោយមកមើល និងបានអោយពលរដ្ឋនិងអាជ្ញាធរជាមួយគាស់ទ្វារចូលទៅមើល ក៍ស្រាប់តែប្រទះឃើញបុរសជាឪពុកបានដេកស្លាប់នៅលើឥដ្ឋការ៉ូមិនដឹងតាំងពីពេលណានោះទេ ដោយមានសភាពធុំក្លិនទៅហើយ ទើបរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយចុះទៅពិនិត្យសពជនរងគ្រោះតែម្តងទៅ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញអោយដឹងថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺទឹកនោមផ្អែម ។ រួចហើយក៍បានប្រគល់អោយសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕








ចែករំលែកព័តមាននេះ