ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ៖ ​អាស៊ាន​នៅ​តែ​ជា​គំរូ​នៃ​ពហុភាគី​និយម​ផ្អែក​លើ​ច្បាប់ និង​ជា​កម្លាំង​សម្រាប់​សន្តិ​ភាព ស្ថិរភាព កិច្ច​សន្ទនា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា អាស៊ាន​នៅ​តែ​ជា​គំរូ​នៃ​ពហុភាគី​និយម​ផ្អែក​លើ​ច្បាប់ និង​ជា​កម្លាំង​សម្រាប់​សន្តិភាព ស្ថិរភាព កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ស្ថាបនា…

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា អាស៊ាន​នៅ​តែ​ជា​គំរូ​នៃ​ពហុភាគី​និយម​ផ្អែក​លើ​ច្បាប់ និង​ជា​កម្លាំង​សម្រាប់​សន្តិភាព ស្ថិរភាព កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ស្ថាបនា ហើយ​អំណាច​ទន់​របស់​អាស៊ាន​កើត​ចេញពី​តួនាទី​ជា​អន្តរការី ​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​មាន​អព្យាក្រឹតភាព​ក្នុង​ការ​ចូលរួម​ជាមួយ​បណ្ដា​ភាគី ដោយ​យុត្តិធម៌ និង​ភាព​ជឿជាក់ នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​កាន់តែ​ប្រឈម​ចំពោះ​ភាព​បែកបាក់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ។

ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦​ ឯកឧត្តម ប៉ែន បូ​ណា​ បាន
​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ស​ម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​គូសបញ្ជាក់​បន្ថែម​ពី​សារសំខាន់​នៃ​ការ​ពង្រឹង​សាមគ្គីភាព ឯកភាព និង​ភាព​ធន់​របស់​អាស៊ាន ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ស្ថានការណ៍​វិ​វត្ត​នៅ​មជ្ឈិមបូព៌ា និង​បញ្ហា​ប្រឈម​សាកល​ផ្សេង​ៗ​ទៀត និង​បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​ក្នុង​តំបន់ ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​វិបត្តិ​ខាងក្រៅ ព្រមទាំង​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​ ។


សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ផ្នែក​មនុស្សធម៌​ដែល​កើត​ចេញពី​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​សុវត្ថិភាព​និង​សុ​ខុមា​ល​ភាព​របស់​ប្រជាពលរដ្ឋ​អាស៊ាន​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់ និង​បាន​បង្ហាញ​ភាព​រីករាយ​ដែល​បានឃើញ​ប្រទេស​សមាជិក​អាស៊ាន​ជួយ​គ្នា​ទៅ​វិញទៅ​មក​។

ឯកឧត្តម​ថា​ ចំពោះ​បញ្ហា​បូរណភាព​ទឹកដី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​លើ​ការ​អនុវត្ដ​ដោយ​ពេញលេញ ភ្លាម​ៗ និង​ទាំងស្រុង​នូវ​សេចក្ដី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​ចំណុច​ទី​៣ ដោយ​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការងារ​វាស់វែង ​និង​ខណ្ឌសីមា​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC) ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដោយ​គ្មាន​ការ​ពន្យារពេល​បន្ត​ទៀត​ឡើយ​។

ទន្ទឹម​នឹង​នោះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ និង​ច្បាស់លាស់​របស់​កម្ពុជា ថា ​ខ្សែ​ព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឬ​កំណត់​ដោយ​ការ​ប្រើប្រាស់​កម្លាំង ឬ​តាម​រយៈ​ការ​បង្កើត​អង្គហេតុ​សម្រេច​លើ​ទីតាំង​ជាក់ស្ដែង (faits accomplis) នោះ​ទេ​។ សម្រាប់​ការ​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា កម្ពុជា​សម្រេច​ប្រើប្រាស់ «យន្តការ​ផ្សះផ្សារ​ដោយ​ចាប់បង្ខំ​» (Compulsory Conciliation) ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) បន្ទាប់​ពី​ការ​ដកខ្លួន​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១​។ កម្ពុជា​ជឿជាក់​ថា នេះ​គឺជា​មាគ៌ា​សន្តិវិធី ដែល​នឹង​នាំ​ទៅ​រក​ដំណោះ ស្រាយ​ប្រកបដោយ​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នេះ សម្តេច​ធិ​បតី​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ​ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ស្មារតី​ស្ថាប​នា​ឆាប់រហ័ស និង​ដោយ​សុ​ឆន្ទៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ