រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ។

សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងទី២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ។

មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ ជាមួយតំណាងរាជរដ្ឋាភិបាល ។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាបានចែងថា អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ(រួមទាំងអ្នកមានសញ្ជាតិទ្វេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា) ។ ការស្ម័គ្រចិត្តចំពោះស្ត្រី៖ចំពោះស្ត្រីមិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត ។ ច្បាប់នេះ ផ្តល់ការលើកលែងចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ ។

រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ ។ អត្ថប្រយោជន៍អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។

ចំពោះទោសប្បញ្ញត្តិវិញបុគ្គលដែលគេចវេសពីកាតព្វកិច្ចអាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ ។ ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែឧសភា គណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងលោកជំទាវ និន សាផុន បានជួបពិភាក្សាជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុន EVN ដើម្បីធានាឱ្យបាននូវស្ថិរភាពការផ្គត់ផ្គង់បង្ការការដាច់ចរន្តអគ្គិសនី ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។ ស្ថិរភាពតម្លៃរក្សាតម្លៃអគ្គិសនីឱ្យសមរម្យសម្រាប់ជីវភាពប្រជាពលរដ្ឋ ។

ជារួមរដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន
សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថា
ប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
ដើម្បីធានាឱ្យកិច្ចដំណើរការកិច្ចប្រជុំវិសាមញ្ញខាងមុខប្រព្រឹត្តទៅដោយរលូនគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តសមាសភាពលេខាធិការចំនួន៣រូប រួមមាន៖ ឯកឧត្តម ឃុត ចាន់ដារ៉ា, ឯកឧត្តម ម៉ាត់ សេត និងឯកឧត្ដម សេង ញ៉ក់ ផងដែរ ៕



ចែករំលែកព័តមាននេះ