រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៤១៩បណ្ដឹង ក្នុងនោះ មានបណ្តឹងស្ទួនចំនួន២៣បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន១០បណ្ដឹង ។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង១៨៤បណ្ដឹង ស្មើនឹង៧៨%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
បើតាមរបាយការណ៍បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋប្ដឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន៦១០បណ្ដឹង ។
បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយអគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន១៤៩របាយការណ៍ ។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការដោះស្រាយអគ្គាធិការដ្ឋានបានពិនិត្យចាត់ចែងពាក្យបណ្ដឹង ក៏ដូចជារបាយការណ៍បំភ្លឺដែលទទួលបានពីអង្គភាពពាក់ព័ន្ធ (ក្នុងនោះ មានចំនួន១៤៩របាយការណ៍) អគ្គាធិការដ្ឋានបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន២៩៥បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១២៩របាយ ការណ៍ ។
របាយការណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍
ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវចំនួន២៥បណ្ដឹង និងបានចុះតាមដានការអនុវត្តសេចក្ដីជូនដំ ណឹង របស់ក្រសួងមហាផ្ទៃចំនួន៥គោលដៅ ស្មើនឹង១៦ស.ជ.ណ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃឱ្យដឹងថា ជារួមលទ្ធផលក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អគ្គាធិការដ្ឋានសម្រេចដោះស្រាយពាក្យបណ្ដឹង ស្មើនឹង៦២% នៃបណ្ដឹងសរុប ដែលចំនួននេះ បានកើនឡើង១០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់២៣២បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត។
គួរកត់សម្គាល់ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ នេះ អគ្គាធិការដ្ឋានក៏បានបង្ហាញនូវលទ្ធផលនៃការចុះតាមដានការអនុវត្តសេចក្តីជូនដំណឹងការដាក់វិន័យ និងទណ្ឌកម្ម រួមមាន ដកហូតមុខតំណែង និងបន្ថយឋាន ន្តរស័ក្តិ១រូប(មន្ត្រីនៃស្នងការដ្ឋាននគរ បាលខេត្តរតនគិរី) បណ្តេញចេញពីក្របខណ្ឌ២រូប (មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍១រូប, មន្ត្រីនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ១រូប) ដកហូតមុខតំណែង២រូប (មន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា១រូប, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង) បន្ថយឋានន្តរស័ក្តិ២រូប(មន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស១រូប, មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រូប នៃអធិការដ្ឋានខណ្ឌទួលគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ព្រមានជាលាយលក្ខ ណ៍អក្សរ៩រូប និងណែនាំ៦រូប ៕
ចែករំលែកព័តមាននេះ