ទីក្រុងតេអេរ៉ង់៖ អាមេរិក និងអ៊ីរ៉ង់បានបាញ់តដៃគ្នាកាលពីយប់មិញ។ ប៉ុន្តែអ៊ីរ៉ង់អះអាងថាស្ថានការណ៍បានវិលត្រឡប់ទៅរកសភាពធម្មតាឡើងវិញហើយ ចំណែកអាមេរិកក៏អះអាងស្រដៀងគ្នាផងដែរថាខ្លួនក៏មិនចង់ធ្វើឱ្យសភាពការណ៍កាន់តែឡើងកម្ដៅនោះដែរ។ ការវាយប្រហារនេះកើតឡើងនៅពេលទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំការឆ្លើយតបពីអ៊ីរ៉ង់ចំពោះផែនការសន្តិភាព១៤ចំណុចដែលខ្លួនបានបញ្ជូនទៅឱ្យ។ ក៏ប៉ុន្តែបញ្ហាធំៗនៅតែមិនទាន់ដោះស្រាយចេញដដែល ឧទាហរណ៍កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។

យោធាអ៊ីរ៉ង់ប្រកាសថាកប៉ាល់២គ្រឿងរបស់អាមេរិកបានបើកចូលច្រកសមុទ្រហ័រម៉ូស និងបាញ់ប្រហារចូលទឹកដីអ៊ីរ៉ង់។ ប៉ុន្តែអាមេរិកថាខ្លួនបាញ់ប្រហារនោះដើម្បីជាការការពារខ្លួនតែប៉ុណ្ណោះព្រោះអ៊ីរ៉ង់ជាអ្នកវាយប្រហារមកលើកប៉ាល់ខ្លួនមុន។ លោកដូណាល់ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាបទឈប់បាញ់នៅជាធរមាននៅឡើយទេ ហើយលោកហាក់ដូចជាចាត់ទុកថាការវាយប្រហារតដៃគ្នាមួយប្រាវនោះមិនមែនជាបញ្ហាធំដុំប៉ុន្មានឡើយ។

បញ្ជាការដ្ឋានយោធារបស់អ៊ីរ៉ង់ចោទប្រកាន់ថាអាមេរិកបានរំលោភបទឈប់បាញ់ដោយបាញ់តម្រង់ទៅរកនាវាដឹកប្រេងឆៅរបស់អ៊ីរ៉ង់មួយគ្រឿង និងបាញ់នាវាមួយគ្រឿងទៀត។ យោធាអ៊ីរ៉ង់ចោទទៀតថាអាមេរិកក៏បានវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ជនស៊ីវិលនៅលើកោះមួយស្ថិតនៅច្រកសមុទ្រហ័រម៉ូស វាយប្រហារតំបន់ឆ្នេរសមុទ្របានដា ខាមា (Bandar Khamir) និងស៊ីរីក (Sirik) នៅលើដីគោក។ យោធាអ៊ីរ៉ង់ថ្លែងថាខ្លួនចាត់វិធានការឆ្លើយតបដោយបាញ់ប្រហារទៅលើនាវាចម្បាំងរបស់អាមេរិកនៅភាគខាងលិចច្រកហ័រម៉ូស និងនៅភាគខាងត្បូងកំពង់ផែឆាបាហា (Chabahar)។

អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលយោធាអ៊ីរ៉ង់ថ្លែងថាការវាយប្រហាររបស់អ៊ីរ៉ង់បង្កការខូចខាតខ្លាំងគួរសម។ ប៉ុន្តែបញ្ជាការដ្ឋានយោធាអាមេរិកអះអាងថាគ្មានទ្រព្យសម្បត្តិរបស់ខ្លួនណាមួយត្រូវបានវាយប្រហារនោះទេ។ អាមេរិកថានៅក្នុងការវាយប្រហារនោះ អ៊ីរ៉ង់ប្រើប្រាស់មីស៊ីលផង ដ្រូនផង និងអូប័រផងតម្រង់ទៅរកនាវាពិឃាតបីគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក។ ដូច្នេះ ជាការឆ្លើយតប អាមេរិកវាយប្រហារទីតាំងស្តុកទុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ រួមទាំងទីតាំងដទៃទៀត៕ ប្រភព៖ រ៉ទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ