រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងពីការកកើតឡើងនៃព្យុះទី៥ ឈ្មោះថា «ហាហ្គូពីត» (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលកំពុងជះឥទ្ធិពលជាប្រយោលមកលើព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសពីស្ថានភាពធាតុអាកាស បន្ទាប់ពីមានការកកើតឡើងនៃព្យុះទី៥ ឈ្មោះថា ហាហ្គូពីត (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល និងសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦៖
១. តំបន់វាលទំនាប
-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសបូព៌ា និងអាគ្នេយ៍ក្នុងល្បឿនមធ្យម២ម៉ែត្រ/វិនាទី ។ បណ្តាខេត្តដូចជា បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥% ។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងអតិបរមា៣៦°C ។
ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា ក្នុងល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, តំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០% ។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងអតិបរមា ៣៥°C ។
ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥% ។ ក្រសួងធនធានទឹក បានបន្តថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា១,០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ