រាជធានីភ្នំពេញ ៖ តើមានអ្វីកំពុងកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន? ត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសត្វទន្សោងដែលបានស្លាប់បានកើនឡើងដល់៤ក្បាល ដែលជាតួលេខមួយគួរឱ្យព្រួយបារម្ភបំផុត ។ ករណីចុងក្រោយដែលទើបនឹងកើតឡើងនៅស្រុកអន្លង់វែង បានបង្ហាញឱ្យឃើញពីការតស៊ូដ៏គួរឱ្យអាសូររបស់សត្វព្រៃ ខណៈដែលពួកវាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ និងរបួសស្នាមដែលមិនអាចព្យាបាលបាន។

យោងតាមហ្វេសប៊ុកផេកព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចស្នាមភ្លោះក្បែរផ្លូវ ស្ថិតក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ការស្លាប់នេះ បានកើតឡើងនៅក្នុងភូមិសាស្ត្រសហគមន៍តំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។
យោងតាមរបាយការណ៍ពីមន្ត្រីមូលដ្ឋាន កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ សត្វទន្សោងមួយក្បាលនេះ ត្រូវបានគេឃើញដើរចេញពីតំបន់ការពារក្នុងសភាពទន់ខ្សោយ និងមានរបួសជើងយ៉ាងធ្ងន់ធ្ងរ ។ រូបភាពដ៏ខ្លោចផ្សាដែលក្រុមការងារបានកត់ត្រាទុក គឺសត្វទន្សោងនេះ ព្យាយាមតស៊ូធ្វើដំណើរទាំងការឈឺចាប់ ដោយដើរបានចម្ងាយត្រឹមតែ២០ ទៅ៣០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវឈប់សម្រាកម្ដង ។

ទោះបីជាមានការយកចិត្តទុកដាក់តាមដានយ៉ាងកិតជិតពីសំណាក់មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍យ៉ាងណាក៏ដោយ ក៏ស្ថានភាពរបួសបានធ្វើឱ្យវាមិនអាចបន្តដង្ហើមបានទៀត
ឡើយ ។
ការបាត់បង់សត្វទន្សោងកាលពីព្រឹកមិញនេះ បានធ្វើឱ្យចំនួនសត្វទន្សោងដែលបានស្លាប់ក្នុងរយៈពេលត្រឹមតែ៥ខែដំបូងនៃឆ្នាំ២០២៦នេះ កើនឡើងដល់៤ក្បាល ។ នេះគឺជាតួលេខមួយដ៏ខ្ពស់ ដែលកំពុងដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពសត្វព្រៃ ។ សត្វទន្សោង ជាប្រភេទសត្វកម្រដែលពិភពលោកកំពុងការពារយ៉ាងតឹងរឹង ប៉ុន្តែពួកវាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីកត្តាមនុស្ស ដូចជាការដាក់អន្ទាក់ និងការរំខានដល់ទីជម្រកធម្មជាតិ ។

វិធានការចុងក្រោយ និងការអភិរក្សក្រោយការពិនិត្យស្លាកស្នាម និងធ្វើកំណត់ហេតុរួចរាល់ ក្រុមមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ បានសម្រេចដឹកយកសាកសពសត្វទន្សោងនោះ ទៅបញ្ចុះនៅស្នាក់ការមន្ត្រីឧទ្យានុរក្សភ្នំអណ្តូង ស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ដើម្បីរក្សាសុវត្ថិភាពតាមបច្ចេកទេស ។
ព្រឹត្តិការណ៍ដ៏សោកសៅនេះ គឺជាសារដាស់តឿនដល់សាធារណជនគ្រប់រូប ឱ្យចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ និងជីវៈចម្រុះ ។ ការរួមគ្នាអភិរក្សសត្វព្រៃនៅថ្ងៃនេះ គឺជាការរក្សាទុកកេរដំណែលដ៏មានតម្លៃសម្រាប់ជនានុជនជំនាន់ក្រោយបានស្គាល់ និងបានឃើញពីភាពសម្បូរបែបនៃធម្មជាតិនៅក្នុងទឹកដីរបស់ខ្លួន ៕


ចែករំលែកព័តមាននេះ