នគរបាលស្រុកកំពង់ត្រឡាចចុះអប់រំ និងបិទចំណាំងផ្លាតលើគោយន្តកន្ត្រៃ ដើម្បីកាត់បន្ថយគ្រោះថ្នា.ក់ចរាចរណ៍នៅពេលយប់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការនគរបាល ស្រុកកំពង់ត្រឡាច បានចេញយុទ្ធនាការ អញ្ជើញម្ចាស់គោយន្ត នឹងយក គោយន្តកន្ត្រៃ នៅតាមភូមិឃុំ យកមកប្រជុំអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងពន្លឺ តាមគោយន្តកន្ត្រៃ ដើម្បីការពារនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងដោយសារតែកង្វះចំណាំងបំភ្លឺនៅពេលយប់។
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា ដោយទទួលបានការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការដ្ឋាននគរបាលខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការឯកភាពខេត្ត លោក បានចាត់តាំងឲ្យប្រធានការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល គ្រប់ឃុំ ដើម្បីកោះអញ្ជើញដល់ម្ចាស់គោយន្តកន្ត្រៃនិងយកគោយន្តកន្ត្រៃមកចូលរួមអប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាត ឬចំណាំងបំភ្លឺ ដើម្បីកាត់បន្ថយនិងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅពេលយប់ ។
ជាក់ស្ដែងនៅថ្ងៃទី 7 ខែឧសភាឆ្នាំ 2026 កម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវីរៈសេនីយ៍ត្រី ស សុខទីន អធិការរង នគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ បានប្រមូលប្រជាពលរដ្ឋដែលជាម្ចាស់គោយន្ត ចំនួន 50 នាក់និងគោយន្តកន្ត្រៃ 50 គ្រឿង មកអប់រំណែនាំព្រមទាំងជួយបិទចំណាំងផ្លាតជូនពួកគាត់ផងដែរ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាច បានបន្ថែមថា កិច្ចការខាងលើនេះនឹងបន្តធ្វើជារៀងរហូតលើកលែងតែថ្ងៃសៅរ៍អាទិត្យ និងថ្ងៃមានបេសកកម្មត្រួតពិនិត្យផ្លូវជាតិតែប៉ុណ្ណោះ ៕











ចែករំលែកព័តមាននេះ