ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទទួលពលករខ្មែរ៦៧នាក់ដែលថៃចាប់បញ្ជូនមក

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អា​ជ្ញា​ធរ​កម្ពុជា​​បាន​ទទួល​ពលករ​ខ្មែរ​ចំនួន​៦៧​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។នៅ​ពេល​អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៦៧​នាក់​មក​ឱ្យ​កម្ពុជា គេ​ឃើញ​វត្តមាន​លោក​ឧត្តម​សេនីយ៍ត្រី អ៉ី…

ខេត្តបន្ទាយមានជ័យ ៖ អា​ជ្ញា​ធរ​កម្ពុជា​​បាន​ទទួល​ពលករ​ខ្មែរ​ចំនួន​៦៧​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។
នៅ​ពេល​អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៦៧​នាក់​មក​ឱ្យ​កម្ពុជា គេ​ឃើញ​វត្តមាន​លោក​ឧត្តម​សេនីយ៍ត្រី អ៉ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ក្រុម​មន្ត្រី​បាន​យក​អាហារ​សម្រន់​មាន​នំប៉័ង និង​ទឹកបរិសុទ្ធ​ជូន​ដល់​ពលករ​ខ្មែរ​ទាំងនេះ ។

ពលករ​ខ្មែរ​ម្នាក់​ប្រាប់​ថា គាត់​ចាញ់បោក​មេខ្យល់​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ ក្នុង​ចំណោម​១២​នាក់ មាន​ក្រុម​គ្រួសារ​គាត់​៣​នាក់ ប្រពន្ធ​និង​កូន ក្នុង​១​នាក់​មេខ្យល់​គេ​យក​៧​៥០០​បាត សន្យា​ជូន​ដល់​កន្លែងធ្វើការ​ទើប​ឱ្យ​លុយ ។ ពេល​មេខ្យល់​ខ្មែរ​ជូន​ឆ្លង​ដែន​ឱ្យ​មេ​ខ្យល់​ថៃ​ទទួល​ហើយ បម្រុង​ឡើង​រថយន្ត​ចេញ​ទៅ​ក្រុង​បាងកក ត្រូវ​កម្លាំងយោធា​ថៃ​ចាប់​បញ្ជូន​ឱ្យ​កម្លាំង​នគរបាល​ស្រុក​អារញ្ញ ឃុំ​រយៈពេល​១២​ថ្ងៃ ទើប​បញ្ជូន​មក​កម្ពុជា​វិញ ។

អាជ្ញាធរ​កម្ពុជា​ប្រាប់​ថា ពលករ​ដែល​ភាគី​ថៃ​ប្រគល់​ឱ្យ​វិញ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ និង​ស្នាក់​នៅ​ធ្វើការ​ខុសច្បាប់ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់​ដាក់គុក រួច​ទើប​ប្រគល់​ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា ។ មន្ត្រី​កម្ពុជា​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ព្រោះ​កម្ពុជា​មានការ​ងារ​ច្រើន​រង់ចាំ​បងប្អូន​ធ្វើ នេះ​ជា​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

គួរ​រំលឹក​ថា កាល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ថៃ​៦៣៥​នាក់ ឱ្យ​អាជ្ញាធរ​ថៃ​មក​ទទួលយក​ភ្លាម​ៗ អត់​មាន​ចាប់​ដាក់គុក​ទេ នាំ​តែ​អស់​បាយ​អស់​ទឹក ។ ក្រោយ​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រ​ព័ទ្ធ​បច្ចេកវិទ្យា​អន​ឡាញ​ស្គេ​ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កន្លង​មក​ថ្មី​ៗ​នេះ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​អន្តរាគមន៍​ជួយ​រំដោះ​ជនជាតិ​ថៃ​២៨​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខាំង​នៅ​អគារ​ជួល​២​កន្លែង នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ជាយក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏​រៀបចំ​នីតិវិធី​បន្ត គឺ​បញ្ជូន​ឱ្យ​ភាគី​ថៃ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ