រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ប្រូម៉េកពីកីឡាករបាលទាត់ជនជាតិប៉ទុយហ្គាល់ ហើយគេចខ្លួនបានតែ២ថ្ងៃ ។

ជនសង្ស័យឆក់រូបនោះ ១-ឈ្មោះ ហួត ចាន់ដារ៉ាពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ,២-ឈ្មោះ អ៊ុត ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀន។
ចំណែកជនរងគ្រោះជាម្ចាស់ទូរសព្ទឈ្មោះ FABIO ANDRE MOREIRA MARTINS ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិប៉ទុយហ្គាល់ ជាកីឡាករបាល់ទាត់ ស្នាក់នៅខុនដូរអ៊ឺបេន ផ្លូវម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយឈានទៅឃាត់ខ្លួនបានកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅតាមដងផ្លូវម្តុំផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពីបទ លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ប្រូម៉េក) កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៩ និង៥០នាទី ប្រព្រឹត្តនៅចំណុចមុខតារាងបាល់ទាត់ «ប្លូស្ពត» ផ្លូវ១៩៥៦ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអំពើប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ។
តាមនគរបាលបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង៥០នាទី មុនពេលកើតហេតុ ជនរងគ្រោះជាកីឡាករ បានជិះម៉ូតូកង់បី ចេញពីខុនដូអ៊ីបេន ផ្លូវម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងទៅសារមន្ទីរទួលស្លែង
(ខណ្ឌបឹងកេងកង) ពេលធ្វើដំណើរតាមផ្លូវ ជនរងគ្រោះបានកាន់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ប្រូមេក ពណ៌ខ្មៅ ចុចលេង ។

នៅពេលមកដល់មុខតារាងបាល់ទាត់«ប្លូស្ពត»ស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់យកទូរសព្ទបានសម្រេចរួចគេចខ្លួនបាត់ ។ ក្រោយមក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំពេញថ្មី ឲ្យជួយស្រាវជ្រាវ ហើយនគរបាលប៉ុស្តិ បានសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ហើយក៏ឈានទៅឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ ព្រមទាំង ដកហូតម៉ូតូម៉ាកសេរ១២៥ ពណ៌ខ្មៅ ស៊េរី២០២៥ ពាក់ស្លាកលេខភ្នំពេញ1LD-4927 ៣,មួកសុវត្ថិភាព ពណ៍ខ្មៅ ចំនួន០១ជារបស់ជនសង្ស័យ ។
ទោះបីជាយ៉ាងណា ទូរសព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចពុំទាន់ដកហូតនៅឡើយដោយជនសង្ស័យបាន ហើយបក្សពួកម្នាក់ទៀតយកទៅលក់ចែកគ្នា ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ