ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថ្លែង​ប្រាប់​អាស៊ាន​ថា​ការ​ដែល​អ៊ីរ៉ង់​ចង់​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រ​ម៉ូស​គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ

2 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោ​ករូប៊ីអូ បាន​ថ្លែង​នៅ​ចំពោះ​មុខ​​អាស៊ាន​ថា​ការ​ដែល​អ៊ីរ៉ង់​ទាម​ទារ​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រ​ម៉ូស ហើយ​ចង់​ទារ​ថ្លៃ​ភាស៊ី​ពី​កប៉ាល់​ដឹក​ទំនិញ​ដែល​ឆ្លង​កាត់​ទី​នោះ​ជា​ការ​គំរាម​កំហែង​ចំពោះ​សេដ្ឋ​កិច្ច​សាក​ល​លោក​ ហើយ​ក៏​គំរាម​កំហែង​ផង​ដែរ​ចំពោះ​គោល​ការណ៍​ស្ដី​ពី​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​។ ​លោក​​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ក្នុ​ងកិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ម៉ានីឡា ប្រទេស​ហ្វ៊ីលីពីន​ ជា​មួយ​សមភាគី​អាស៊ានដែល​បារម្ភ​ថា​​​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​​​ប៉ះ​ពាល់​តំបន់​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​​ហើយ​។ ថ្វី​ដ្បិត​អាមេរិក​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​យ៉ាង​ណា​ក្ដី  ប៉ុន្តែ​លោក​រូប៊ី​​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​​នឹង​បន្ត​ស្ថិត​នៅ​ជា​មួយ​អាស៊ាន​១០០%​។

លោក​រូប៊ីអូ​ថ្លែង​ថា​ប្រសិន​​រដ្ឋ​មួយ​និយាយ​ដោយ​អត្ត​នោម័ត​ស្រេច​នឹង​ចិត្ត​ថា​ខ្លួន​​ត្រូវ​តែ​គ្រប់​គ្រង​ច្រក​សមុទ្រ​អន្តរ​ជាតិ​ណា​មួយ​, គិត​លុយ​ពី​កប៉ាល់​ដែល​បើក​ឆ្លង​កាត់ទី​នោះ​​ និង​បាញ់​កប៉ាល់​ទាំង​ឡាយ​ណា​ដែល​ពួកគេ​មិន​ពេញ​ចិត្ត​ ពេល​នោះ​ករណី​នេះ​អាច​នឹង​កើត​មាន​នៅ​ទី​កន្លែង​ដទៃ​ទៀត​រួម​ទាំង​តំបន់​អាស៊ាន​ផង​ដែរ​។ ​នៅ​សប្ដាហ៍​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ចិន​ រុស្ស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ម៉ានីឡា​ជា​បន្ត​បន្ទាប់​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មីៗ​ក៏​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ផង​ដែរ​។

លោក​រូប៊ី​អូ​​បាន​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​ចតុ​ភាគី (Quad) ដែល​មាន​អាមេរិក​ អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ដើម្បី​ពិភាក្សា​ចំណុច​អាទិភាព​របស់​ខ្លួន​ដូច​ជា​បច្ចេក​វិទ្យា ជំនួយ​មនុស្ស​ធម៌ ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​អាសន្ន​ ​សន្តិ​សុខ​លំហ​សមុទ្រ​ និង​សន្តិ​សុខពហុ​ជាតិ​។ ប្រទេស​ទាំង​៤​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​​គាំ​ទ្រ​គំនិត​ផ្ដួច​ផ្ដើម​ការ​ពារ​សន្តិ​សុខ​លំហ​សមុទ្រ​ដែល​មាន​គោល​ដៅ​ទប់​ទល់​នឹង​ការរីក​រាល​ដាល​នៃ​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​។ ប្រទេស​ទាំង​បួន​យល់​ស្រប​គ្នា​ថា​នៅ​ពេល​​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​មាន​សន្តិ​ភាព និង​ស្ថិរ​ភាព វា​ក៏​ធ្វើ​ឱ្យ​​មាន​សន្តិ​សុខ និង​វិបុល​ភាព​នៅ​តំបន់​អាស៊ាន​ផង​ដែរ​។

បញ្ហា​ជម្លោះ​បូរណ​ភាព​ទឹក​ដី​រវាង​ប្រទេស​ខ្លះ​នៅ​អាស៊ាន ជា​មួយ​ប្រទេស​ចិន​គឺ​ជា​របៀប​វារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​បីថ្ងៃ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ម្សិល​មិញ​។ លោក​រូប៊ីអូ​​បាន​ទទួល​ជួប​សមាភាគី​ឥណ្ឌា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​សង្គ្រាម​នៅ​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​។ លោក​ទាំង​២​ក៏​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​​ឥណ្ឌា​ដើម្បី​កាត់​បន្ថយ​អត្រា​ពន្ធ​គយ​ដ៏​ខ្ពស់​ដែល​អាមេរិក​កំណត់​យក​ពី​ទំនិញ​របស់​ឥណ្ឌា​។ លោក​រូប៊ី​អូ​ក៏​ត្រៀម​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ផង​ដែរ​៕ ប្រភព៖ AP​