រឿងរ៉ាវដ៏សោកសៅ! បាត់ដំណឹងជិត ៣ឆ្នាំ ស្មានតែចេញទៅធ្វើការស្រុកគេ លុះអ្នកស្រុកប្រទះឃើញគ្រោងឆ្អឹ.ងក្នុងព្រៃ តេឱ្យមកមើល ស្គាល់បង្វិចខោអាវ ទើបដឹងថាជាប្អូនបង្កើត
- កោះកុង
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រោង ឆ្អឹងសាកសពមនុស្សម្នាក់ នៅចំណុចក្នុងព្រៃវង្សកាថាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលព័ត៌មានត្រូវគេរាយការណ៍ជូនសមត្តកិច្ចឲ្យបានដឹងភ្លាមៗដែរ ទើបសមត្តកិច្ចគ្រប់ជំនាញបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសលវិច្ច័យលើគ្រោងឆ្អឹងនោះ រហូតបានចេញលទ្ធផលដូចខាងក្រោមនេះ ៖
គ្រោងឆ្អឹងនោះគឺជាសាកសពឈ្មោះ សូត ជីប ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ដេកស្លាប់នៅក្រោមដើមឈើក្នុងព្រៃ សល់តែគ្រោងឆ្អឹង។
ទាក់ទិងនិងគ្រោងឆ្អឹងនោះ តាមការបំភ្លឺពីឈ្មោះ លាង ភារុំ ភេទ ប្រុស អាយុ៣២ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ គាត់និងប្រពន្ធបានចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើធ្វើអុស ពេលចូលដល់ក្នុងព្រៃវង្សកាថាក់ស្ថិតនៅភូមិចាំយាម ស្រាប់តែគាត់បានប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់ស្លាប់នៅក្រោមដើមឈើ ពេលនោះគាត់ក៍បានស្រែកហៅប្រពន្ធឱ្យមកជួយមើល ពេលមើលហើយ គាត់នឹងប្រពន្ធក៏បានទៅប្រាប់អ្នកជិតខាង នៅក្បែរនោះរួចបានតេទូរសព្ទទៅប្រាប់ឈ្មោះ ប៉ុច ម៉ូវ ភេទប្រុស ជាយោធា ឲ្យមកជួយមើលទាំងអស់គ្នា។
ពេលឈ្មោះ ប៉ុច ម៉ូវ ទៅដល់ បានប្រាប់ថា ប្រហែលជាសាកសពប្អូនប្រុសរបស់គាត់ ព្រោះថា ប្អូនប្រុសរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះប្រហែលជិត៣ឆ្នាំមកហើយ។
តាមការបំភ្លឺពីមន្ត្រីយោធាម្នាក់ដែលជាបងប្រុសរបស់ជនរងគ្រោះបញ្ជាក់ថា កាលពីថ្ងៃខែមិនចាំ ឆ្នាំ២០២៥ គាត់បានបាត់ប្អូនប្រុសបង្កើតម្នាក់ឈ្មោះ សូត ជីប អាយុ៣៥ ឆ្នាំ ការបាត់ខ្លួនប្អូនប្រុសគាត់មិនបានដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ចឡើយ ដោយសារតែប្អូនប្រុសមានសតិមិនគ្រប់គ្រាន់ និងតែងតែដើរគ្មានគោលដៅ ម្យាងនឹកស្មានថាប្អូនបានទៅធ្វើការនៅប្រទេសជិតខាង នឹងដែលកន្លងមក ប្អូនប្រុសមានវិបត្តិជាមួយគ្រួសារ បានផឹកស្រាជាប្រចាំថ្ងៃទើបគាត់មិនសូវរវីរវល់រកនោះទេ។ លុះដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៩ និង៣០ នាទីព្រឹក ស្រាប់តែមានអ្នកជិតខាងឈ្មោះ លាង ភារុំ បានតេទូរសព្ទមកប្រាប់ថា គាត់ប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់នៅក្នុងព្រៃក្រោមដើមឈើចម្ងាយពីផ្លូវលំប្រហែល១០០ម៉ែត្រ ពេលនោះគាត់ក៏បានទៅមើលក៏ឃើញគ្រោងឆ្អឹងមែន ហើយនៅក្បែរគ្រោងឆ្អឹងនោះក៏មានបង្វិចសំលៀកបំពាក់មួយ ដែលគាត់បានស្គាល់ថា ជាខោអាវ ធ្លាប់ឲ្យទៅប្អូនស្លៀកពាក់ និងឃើញសម្ភារៈប្រើប្រាស់ដែលប្អូនធ្លាប់យកតាមខ្លួន ទើបគាត់បានស្គាល់យ៉ាងច្បាស់ថា គ្រោងឆ្អឹងនេះពិតជាគ្រោងឆ្អឹងប្អូនប្រុសបង្កើតរបស់គាត់ប្រាកដមែន បាត់ពីផ្ទះជិត៣ ឆ្នាំនោះ។
បន្ទាប់មកក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មន្ត្រីជំនាញបានពិនិត្យសាកសពនៅកន្លែងរួចរាល់ហើយ ក៏បានប្រគល់គ្រោងឆ្អឹងសពជនរងគ្រោះទៅឲ្យបងប្រុសបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែកព័តមាននេះ