រាជធានីភ្នំពេញ ៖ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញដីកាកោះហៅឱ្យចូលខ្លួនក្នុងសវនាការ ជំនុំជម្រះ នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង “បរិហារកេរ្តិ៍ជាសាធារណៈ” នេះបើតាមការចេញផ្សាយរបស់គណបក្សភ្លើងទៀន ។
យោងតាមដីកាកោះរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ដែលចេញដោយលោក ជា ម៉េត តំណាងមហាអយ្យការ បានបង្គាប់ឱ្យលោក ទាវ វណ្ណុល ចូលខ្លួននៅបន្ទប់សវនាការទី០៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ នាវេលាម៉ោង០២និង០០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។ ការកោះហៅនេះ គឺដើម្បីបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោក ក្នុងសំណុំរឿងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបទល្មើសនេះ រងការចោទប្រកាន់ថា បានប្រព្រឹត្តទៅកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ សវនាការនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាជំនុំជម្រះទី១១ ដែលមានលោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សា ព្រមទាំងលោក ហ៊ឹង ប៊ុនថន និងលោក យុន សុវណ្ណ ជាចៅក្រមប្រឹក្សា ។
គួររំឭកផងដែរថា សំណុំរឿងនេះមានប្រភពដើមចេញពីបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តឹងលោក ទាវ វណ្ណុល ជុំវិញករណី ដែលលោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានជប៉ុន Nikkei Asia និងវិទ្យុបារាំងអន្តរជាតិ RFI ក្នុងអំឡុងពេល ដែលលោកទៅបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ភាគីដើមបណ្តឹង បានចោទប្រកាន់ថា ការលើកឡើងក្នុងបទសម្ភាសន៍នោះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា ។
គួររំឭកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល បានចូលខ្លួនទៅបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ម្តងរួចមកហើយ តាមដីកាកោះហៅពាក់ព័ន្ធនឹងបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា លើការផ្តល់បទសម្ភាសន៍នេះ ៕

ចែករំលែកព័តមាននេះ