រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទាំងក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ រួមទាំងសន្តិសុខ និងការពារជាតិ និងវិស័យជាច្រើនទៀត ។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការកើនឡើង នៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនតូយ៉ូតា (Toyota) ជាដើម មិនត្រឹមតែជួយបង្កើតការងារជូនពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជាទៀតផង ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមបានអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ។
ជាការឆ្លើយតប សម្ដេចធិបតី បានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។
សម្ដេចធិបតីបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ តាមរយៈការដាក់ចេញនូវការកែទម្រង់សំខាន់ៗ ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត រួមមាន៖ សេដ្ឋកិច្ចឌីជីថល, សន្តិសុខ និងការពារជាតិ, ក៏ដូចជាការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់ នាពេលអនាគត ៕








ចែករំលែកព័តមាននេះ