រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា នៅវេលាម៉ោង១៧ និង១០នាទីល្ងាច ថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់យក វត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាចំនួន០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន០២ដើម, កញ្ចប់ពណ៌ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ។

ជនសង្ស័យទាំង០៦នាក់ រួមមាន ៖ ១-ឈ្មោះ កួច តង ភេទប្រុស អាយុ២៥ឆ្នាំ, ២-ឈ្មោះ តាំង ហេង ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ជឿង យ៉ាងម៉ី ភេទប្រុស អាយុ២១ឆ្នាំ, ៤-ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ១១៨ឆ្នាំ, ៥-ឈ្មោះ លី ហួរ ភេទប្រុស អាយុ២១ឆ្នាំ និង៦-ឈ្មោះ លី យី ភេទប្រុស អាយុ៣០ឆ្នាំ។

ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ