រាជធានីភ្នំពេញ ៖ បុរសមានវិបត្តិម្នាក់ បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើកស្ពានជ្រោយចង្វារ ដោយពេលធ្វើដំណើរតាមផ្លូវ ក៏បានថតយំរៀបរាប់ឱ្យក្រុមគ្រួសារ មកយកនៅស្ពានជ្រោយចង្វារ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាំស្ទាក់ឃាត់ទាន់ ។
ការប៉ុនប៉ងសម្លាប់ខ្លួននេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសដែលមានវិបត្តិរូបនេះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាក scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LX-3255 ។
តាមព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូម៉ាកស្ពុបពី ១គ្រឿង ឡើងទៅលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលឡើងដល់កំពែងទី១ ក៏បានឈប់ ប៉ុងលោតទឹកសម្លាប់ខ្លួន តែភ្លាមនោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ គោលដៅរង្វង់មូលគួចកាណុង ដែលបានទទួលដំណឹងមុននោះ បានទៅអន្តរាគមន៍ស្ទាក់ ឃាត់ទាន់ រួចក៏បាននាំមកគោលដៅ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយក ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅព្រឹកនោះ នៅមុនពេលធ្វើដំណើរមកលោតទឹក បុរសរូបនោះ បានថតវីដេអូ ផ្ញើទៅឲ្យក្រុមគ្រួសារហើយក្រុមគ្រួសារ បានផ្ដល់ដំណឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍ ចាំឃាត់បុរសរូបនោះ ។
វីដេអូដែលបានបង្ហោះ បុរសរូបនោះ បានជិះម៉ូតូផង យំផង ដោយរៀបរាប់ថា “ខ្ញុំដល់មុខវាំងហើយ ជិតដល់ស្ពានជ្រោយចង្វារហើយ ពេលដែលអត់ខ្ញុំទៅ អ្នកទាំងអស់គ្នាសប្បាយចិត្តហើយ ចាំមកយកខ្ញុំផង នៅស្ពានជ្រោយចង្វារ” ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីពិតប្រាកដឡើយ បានជាសម្រេចចិត្តប៉ុនប៉ងសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ ។
ព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា នៅមុនពេលធ្វើដំណើរមកលោត ទឹកសម្លាប់ខ្លួនបុរសរូបនោះ មានទំនាស់ជាមួយប្រពន្ធ រួចក៏បានជិះម៉ូតូ ចេញមកលោតទឹកតែម្ដង។ តែដោយបានផ្ដល់ដំណឹងដល់ក្រុមគ្រួសារដឹងមុន ក្រុមគ្រួសារ ក៏បានបង្ហោះតាមប្រព័ន្ធតេឡេក្រាមនិងសូមឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ជួយឃាត់ទាន់ ។ បន្ទាប់ពីនាំខ្លួនទៅគោលដៅ បានមួយសន្ទុះ ក្រុមគ្រួសារក៏មកដល់ និងបានណែនាំ កុំឲ្យគិតខ្លី រួចនាំត្រឡប់ទៅផ្ទះវិញ ៕

ចែករំលែកព័តមាននេះ