អន្តរជាតិ ៖ សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ បាននិងកំពុងតែបង្កឱ្យកើតមានវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែក្នុងវបត្តិនោះ ក៏បានបង្កើតប្រាក់ចំណេញរាប់ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យថាមពល ធនាគារ និងការពារជាតិផងដែរ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ភាពមិនប្រាកដប្រជាបង្កឡើងដោយសង្គ្រាម និងការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយជោគជ័យរបស់អ៊ីរ៉ង់ កំពុងជំរុញឱ្យថ្លៃដើមរស់នៅកើនឡើងខ្ពស់ និងប៉ះពាល់ដល់ថវិកាបណ្តាក្រុមហ៊ុន គ្រួសារ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក។ នៅពេលក្រុមហ៊ុនមួយចំនួនកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ ក្រុមហ៊ុនមួយចំនួនទៀត ដែលអាជីវកម្មស្នូលពួកគេទទួលបានផលចំណេញច្រើនជាងអំឡុងពេលកើតសង្គ្រាម ឬទទួលបានអត្ថប្រយោជន៍ពីតម្លៃថាមពលប្រែប្រួលនោះ បានឃើញចំណូលកើនឡើងជាកំណត់ត្រា។
ខាងក្រោមនេះជាវិស័យ និងក្រុមហ៊ុនមួយចំនួនដែលកើបលុយបានរាប់ពាន់លានដុល្លារអាមេរិក ចំពេលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត ៖
វិស័យប្រេង និងឧស្ម័ន (Oil & Gas)
ក្រុមហ៊ុនប្រេងធំៗបានឃើញប្រាក់ចំណេញកើនឡើងទ្វេដង ដោយសារតម្លៃប្រេងឆៅកើនឡើងលើសពី ៥០% ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ជាក់ស្តែង ក្រុមហ៊ុន Shell របស់អង់គ្លេសបានរាយការណ៍ប្រាក់ចំណេញត្រីមាសទី១ នៃឆ្នាំនេះ ចំនួន ៦,៩២ ពាន់លានដុល្លារ លើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ ក្រុមហ៊ុន BP របស់អង់គ្លេសក៏បានជើញប្រាក់ចំណេញកើនឡើងជាងទ្វេដងដល់ ៣,២ ពាន់លានដុល្លារ។ ក្រុមហ៊ុន TotalEnergies របស់បារាំងប្រាក់ចំណេញកើនឡើងជិត១ភាគ៣ ដល់ ៥,៤ពាន់លានដុល្លារ។ ចំណែកក្រុមហ៊ុន ExxonMobil និងក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក បើទោះជាចំណូលធ្លាក់ចុះបន្តិចបន្តួចដោយសារការរំខានដល់ការផ្គត់ផ្គង់ក៏ពិតមែន ប៉ុន្តែ នៅតែលើសពីការរំពឹងទុករបស់ទីផ្សារ ហើយរំពឹងថានឹងមានចំណេញកាន់តែខ្លាំងនៅពេលក្រោយ។
វិស័យធនាគារ (Bank) ធនាគារវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតរបស់អាមេរិកមួយចំនួន (Wall Street) ទទួលបានផលចំណេញពីការជួញដូរកើនឡើងខ្លាំង ខណៈពេលដែលបណ្តាវិនិយោគិនបានសម្រុកដកទុនចេញពីភាគហ៊ុន និងសញ្ញាបណ្ណមានហានិភ័យខ្ពស់ យកទៅដាក់ក្នុងទ្រព្យសកម្មដែលមានសុវត្ថិភាពជាងមុន។
ធនាគារ JP Morgan ផ្នែកជួញដូរបានបង្កើតប្រាក់ចំណូលកំណត់ត្រា ១១,៦ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ។ ធនាគារកំពូលទាំង៦របស់អាមេរិក រួមមាន Bank of America, Morgan Stanley, Citigroup, Goldman Sachs, Wells Fargo និង JP Morgan បានរាយការណ៍ពីប្រាក់ចំណេញរួមគ្នារហូតដល់ ៤៧,៧ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ។
វិស័យការពារជាតិ (Defence) ក្រុមហ៊ុនផលិតអាវុធមានតម្រូវការខ្ពស់ពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសពួកគេ ដើម្បីបំពេញស្តុកអាវុធដែលបានប្រើប្រាស់ក្នុងសង្គ្រាម។ ក្រុមហ៊ុន BAE Systems របស់អង់គ្លេសរំពឹងថានឹងមានកំណើនលក់ និងប្រាក់ចំណេញខ្ពស់ ដោយសារការកើនឡើងចំណាយលើវិស័យការពារជាតិអឺរ៉ុប និងអាមេរិក។ រីឯក្រុមហ៊ុន Lockheed Martin, Boeing, Northrop Grumman របស់អាមេរិកបានរាយការណ៍អំពីចំនួនការបញ្ជាទិញកំណត់ត្រាខ្ពស់បំផុត នៅចុងត្រីមាសទី១ ឆ្នាំនេះ ខណៈដែលតម្លៃភាគហ៊ុនក្រុមហ៊ុន RTX របស់អាមេរិកបានការកើនឡើងយ៉ាងខ្លាំង ដោយសារតម្រូវការប្រព័ន្ធមីស៊ីល Patriot។
វិស័យថាមពលកកើតឡើងវិញ (Renewables) សង្គ្រាមមជ្ឈិមបូព៌ាបានជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ ក្រុមហ៊ុន NextEra Energy របស់អាមេរិកបានឃើញភាគហ៊ុនកើនឡើង ១៧% មកទល់ពេលនេះ ខណៈវិនិយោគិនសម្រុកបានសម្រុកទិញដោយសារជឿជាក់លើផែនការរបស់ក្រុមហ៊ុននេះ។ រីឯក្រុមហ៊ុនផលិតទូរប៊ីនខ្យល់របស់ដាណឺម៉ាក Vestas និង Orsted ក៏រាយការណ៍ពីប្រាក់ចំណេញកើនឡើងផងដែរ។ ក្រុមហ៊ុន Octopus Energy របស់អង់គ្លេស ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការលក់បន្ទះសូឡាបានកើនឡើង ៥០% ចាប់តាំងពីចុងខែកុម្ភៈ។
ការកើនឡើងនៃតម្លៃប្រេងសាំងក៏បានជំរុញតម្រូវការសម្រាប់យានយន្តអគ្គិសនីផងដែរ ដោយក្រុមហ៊ុនផលិតចិនមួយចំនួន កំពុងទាញយកអត្ថប្រយោជន៍ច្រើនបំផុតពីឱកាសនេះ៕
ចែករំលែកព័តមាននេះ