មជ្ឈិមបូព៌ា៖ ស្ថានការណ៍សន្តិសុខនៅតំបន់ឈូងសមុទ្របានធ្លាក់ក្នុងសភាពអាសន្នជាថ្មី បន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានរាយការណ៍ថា ខ្លួនបានរងការបាញ់ស្រោចមីស៊ីលបាលីស្ទីកចំនួន ២ គ្រាប់ និងដ្រូនចំនួន ៣ គ្រឿងចេញពីប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ ដែលបណ្តាលឱ្យមនុស្ស ៣ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី៨ ខែឧសភានេះ។
ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ខ្លួនបានរារាំងការវាយប្រហារលើនាវាជើងទឹកចំនួន ៣ គ្រឿង និងបានវាយបកទៅលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលមានអាយុកាលទើបតែមួយខែ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានទទួលស្គាល់ដែរថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបាញ់តតបជាមួយអង្គភាពសត្រូវនៅលើកោះមួយ ខណៈក្រសួងការបរទេសអ៊ីរ៉ង់ចាត់ទុកការវាយប្រហាររបស់អាម៉េរិកថាជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព។ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានហៅការវាយបករបស់អាម៉េរិកថាគ្រាន់តែជាការប៉ះទង្គិចតិចតួចក៏ដោយអចេតនា ប៉ុន្តែលោកបានសង្កត់ធ្ងន់ជាថ្មីថានឹងបន្តការទម្លាក់គ្រាប់បែកពេញទំហឹង ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz និងលុបចោលកម្មវិធីនុយក្លេអ៊ែរ។
ការដែលអ៊ីរ៉ង់នៅតែបន្តរឹតបន្តឹងការគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់នេះចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក៕
ចែករំលែកព័តមាននេះ