រាជធានីភ្នំពេញ ៖ រឿងរ៉ាវស្នេហារវាងបុរសពោះម៉ាយកូន១ និងនាងក្រមុំកម្មការិនីរោងចក្រម្នាក់ បានកើតឡើងទាំងការមិនពេញចិត្ត និងតាមបំបែកពីសំណាក់ឪពុកម្ដាយ និងក្រុមគ្រួសារខាងប្រុស ប៉ុន្តែអ្នកទាំង២ នៅតែព្យាយាមសាងភាពផ្អែមល្ហែមជាមួយគ្នា រហូតយកគ្នា ជាប្ដីប្រពន្ធអត់ខាន់ស្លាតែម្ដង។ ប៉ុន្តែអ្វី ដែលនឹកស្មានមិនដល់នោះ បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះជាង២ខែ ស្រាប់តែប្រុសស្នេហ៍បានផ្លាស់ប្ដូរចិត្តទាំងស្រុង ផ្លាស់ពីការស្រលាញ់នាងដល់ឆ្អឹង ទៅជាការស្អប់នាងដល់ឆ្អឹងទៅវិញ ព្រោះតែជឿតាមការចាករុកបំបែកបំបាក់ពីឪពុកម្ដាយ និងក្រុមគ្រួសារ។ ប្រុសស្នេហ៍ បានគេចលែងជួបមុខនាង និងប្លុកឆាតហ្វេសប៊ុក បិទទូរសព្ទចោល មិនឲ្យនាងចូលផ្ទះ និងបោះបង្វិចខោអាវនាងចេញពីផ្ទះ មិនតែប៉ុណ្ណោះរូបគេ និងក្រុមគ្រួសារ បានបង្ខំឲ្យនាងរំលូតកូនចេញ នៅនឹងមុខអាជ្ញាធរ និងសមត្ថកិច្ចទៀតផង នេះបើតាមការរៀបរាប់ប្រាប់ឲ្យដឹងពីនារីខាងលើ ។
គូស្នេហ៍នោះ បុរសឈ្មោះ សុះ កុសល អាយុ៣១ឆ្នាំ មុខរបរកម្មករឃ្លាំងរោងចក្រ ជាបុរសពោះម៉ាយកូន១ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកខាងស្រីឈ្មោះ ផល កុសល អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៨៧ ផ្លូវលេខ២១ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
នាង ផល កុសល បាននិយាយរៀបរាប់ថា កាលពីដំបូង នាងនិងប្រុសស្នេហ៍ បានស្គាល់តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយពេលស្គាល់ភ្លាមពុំបានស្រលាញ់ភ្លែតនោះទេ គឺបានរាប់អានគ្នា ជាធម្មតា ក្នុងនាមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ លុះបានមួយរយៈក្រោយមក ទើបឈានដល់ការទាក់ទងស្នេហាស្រលាញ់គ្នាទៅវិញទៅមក។ ប៉ុន្តែចំណងស្នេហ៍ពួកនាងទាំង២នាក់ បានជួបឧបសគ្គដ៏ធំមួយ នោះគឺរនាំងវណ្ណៈគ្រួសារ ដោយឪពុកម្ដាយ និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងនោះទេ ពួកគាត់បានព្យាយាមបំបែកបំបាក់ពួកនាង មិនឲ្យបានសុខនោះឡើយ ។
នារីអភ័ព្វរូបនោះ បាននិយាយបន្តទៀតថា ទោះបីជាបែបណា ពួកនាងទាំង២ ជាពិសេសលោក សុះ កុសល ដែលជាប្រុសស្នេហ៍ បានជម្នះឧបសគ្គ ទម្លុះរនាំងវណ្ណៈគ្រួសារ មិនស្ដាប់ការចាក់រុកបំបែកនោះទេ ហើយបានសម្រេចចិត្តចាប់ដៃគ្នាជាប្ដីប្រពន្ធ និងបានរួមរស់ជាមួយគ្នា នៅក្នុងបន្ទប់ជួលមួយកន្លែង នៅតាមមហាវិថី ស៊ី ជីនពីង ស្ថិតនៅក្នុងខណ្ឌកំបូល ។ ប៉ុន្តែពុំបានរៀបការ ឬសែនព្រេនជាមួយគ្នាទៅតាមប្រពៃណីនោះឡើយ បន្ទាប់ពីរស់នៅនៅផ្ទះជួលបានរយៈពេល៣ខែកន្លះ ប្ដីអត់ខាន់ស្លារបស់នាង បានសម្រេចចិត្តនាំរូបនាងមករស់នៅផ្ទះរបស់គាត់(ខាងប្រុស) នៅឯភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូបូល ។
ស្ត្រីម្នាក់នេះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកទៀតថា នាងខំសម្របខ្លួនធ្វើជាប្រពន្ធល្អ កូនប្រសារល្អ និងបងប្អូនល្អ ជាមួយក្រុមគ្រួសារខាងប្ដី និងចាត់ទុកកូនរបស់ប្ដី ជាកូនបង្កើតរបស់នាងទៀតផង ប៉ុន្តែទោះបីខំយ៉ាងណា ក៏នាងមិនអាចធ្វើឲ្យចិត្តឪពុកម្ដាយ និងក្រុមគ្រួសារខាងប្ដី ឲ្យអាណិតស្រលាញ់រូបនាងបន្តិចបន្តួចនោះឡើយ ។ ពួកគេនៅតែមានចិត្តបំបែករូបនាងដដែល ហើយនាង និងប្ដី តែងតែនៅក្បែរគ្នារហូត តែក្រោយពីរស់នៅផ្ទះនោះ បានរយៈពេល៥ខែ ក៏ចាប់ផ្ដើមមានរឿង គឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នាងបានសុំម្ដាយក្មេកចេញក្រៅ ។ ពេលនោះ នាងប្រាប់គាត់ថា «ម៉ែ ខ្ញុំសុំទៅយកឯកសារប្អូនពៅខ្ញុំមកដាក់ពាក្យធ្វើការជាមួយខ្ញុំ» ហើយម្ដាយក្មេក ក៏បានអនុញ្ញាត ហើយនាងទៅ មិនតែប៉ុណ្ណោះ នាងក៏បានប្រាប់ឲ្យប្ដីដឹងផងដែរ ។
នាងកម្មការិនីរូបនោះ បាននិយាយបន្ថែមទៀតថា លុះដល់វេលាល្ងាច នាងមិនទាន់ទៅដល់ផ្ទះ ប្ដីនាងក៏បានសួរម្ដាយក្មេកថា «ម៉ែប្រពន្ធខ្ញុំទៅណាបាត់ហើយ ?» ពេលនោះ ម្ដាយក្មេកនាង ដែលកំពុងរកលេសបំបែកនាងចេញពីប្ដីស្រាប់ផងនោះ បែរជាឆ្លើយថា អញអត់ដឹងទេ ប្រពន្ធឯង ទៅណា វាអត់ប្រាប់អញទេ ។ សម្ដីម្ដាយក្មេកនេះ បានធ្វើឲ្យប្ដីនាងខឹងនាងយ៉ាងខ្លាំង រួចក៏ប្រមូលខោអាវនាង ចេញក្រៅផ្ទះ រួចចាក់សោទ្វារមិនឲ្យនាងចូលផ្ទះឡើយ ហើយទាំងប្ដី ទាំងឪពុកម្ដាយក្មេក និងក្រុមគ្រួសារ បានព្រួតគ្នាបណ្ដេញនាងចេញពីផ្ទះ ចំណែកប្ដីវិញ បានសុំនាងបញ្ចប់ស្នេហ៍ បញ្ចប់ការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធជាមួយនាងត្រឹមហ្នឹង ។
នាងបានបញ្ជាក់ប្រាប់ទៀតថា ដោយសារតែអស់សង្ឃឹមក្នុងជីវិត នាងក៏បានទៅប្ដឹងនគរបាលប៉ុស្តិ៍កំបូល ឲ្យជួយអន្តរាគមន៍ ហើយនគរបាល ក៏បានហៅឲ្យជួបដោះស្រាយគ្នា ខណៈនោះ ដោយសារតែប្ដីអស់ចិត្ត និងបោះបង់នាងចោលហើយនោះ ទើបនាងទាមទារប្រាក់អាហារកិច្ចទុកសម្រាលកូន និងចិញ្ចឹមកូន ចំនួន៥ពាន់ដុល្លារ ។ ព្រោះពេលនេះ នាងចាញ់កូន ធ្វើការមិនកើតទេ ប៉ុន្តែប្ដី និងគ្រួសារឲ្យតែ១,៥០០ដុល្លារ ហើយបានគំរាមនាងថា «យកមិនយកក៏ហីទៅ ចង់ទៅប្ដឹងដល់ណា ក៏ប្ដឹងទៅ ទោះអ្នកកាសែតទៅជួយក៏អញមិនឲ្យចូលផ្ទះអញដែរ» ដោយដោះស្រាយមិនត្រូវគ្នា នគរបាលប៉ុស្តិ៍ ក៏ប្រាប់ឲ្យនាងប្ដឹងទៅសាលាសង្កាត់កំបូលវិញ ។ បន្ទាប់មក សាលាសង្កាត់ បានធ្វើលិខិតអញ្ជើញ ប្ដីនាងឲ្យចូលដោះស្រាយ ប៉ុន្តែប្ដីនាងគេចរហូត ហើយដល់ថ្ងៃកំណត់ ត្រូវចូលដោះស្រាយ នៅរសៀលថ្ងៃទី៨ ខែឧសភា ក៏មិនព្រមចូលដែរ ។ ចំណែកក្រុមគ្រួសារខាងប្ដីវិញ ប្រាប់នាងថា ពួកគាត់អត់ដឹងអត់ឮអីទេ (អាកុសល) វាគេចបាត់ហើយ នាងឯងដើររកអាកុសលខ្លួនឯង នាំវាមកដោះស្រាយខ្លួនឯងទៅ ប៉ុន្តែនាងមិនអាចរកប្ដីនោះឃើញឡើយ ពេលនាងស្នើសុំដល់អាជ្ញាធរខណ្ឌកំបូល និងក្រសួងកិច្ចការនារី សុំជួយដល់នាងផង ។
ខាងលើនេះ គឺជាការអះអាងពីសំណាក់ស្ត្រីរងគ្រោះ។ ចំណែកខាងបុរសជាប្ដីអត់ខាន់ស្លារបស់នាងនោះ យើងមិនអាចទាក់ទងដើម្បីបំភ្លឺបានឡើយ ៕




ចែករំលែកព័តមាននេះ