ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រកាសយ៉ាងច្បាស់ថា ចរាចរណ៍នាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz នឹងអាចត្រឡប់ទៅរកភាពប្រក្រតីវិញបាន លុះត្រាតែសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលត្រូវបានបញ្ឈប់ជាស្ថាពរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៨ ខែឧសភានេះ។
នៅក្នុងលិខិតផ្ញើទៅកាន់អង្គការសហប្រជាជាតិ លោក Araghchi បានសង្កត់ធ្ងន់ថា លក្ខខណ្ឌចម្បងរួមមានការបញ្ឈប់ការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាម៉េរិក និងការលុបចោលរាល់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកបានរិះគន់សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក និងបារ៉ែនថាជាទង្វើឯកតោភាគីដែលព្យាយាមបំភ្លៃការពិត និងមិនបានលើកឡើងអំពីមូលហេតុពិតប្រាកដនៃវិបត្តិ ដែលកើតចេញពីការឈ្លានពានយោធារបស់អាម៉េរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។
ទន្ទឹមនឹងនេះ លោក Araghchi ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំបណ្តោយឱ្យក្រុមប្រឹក្សាសន្តិសុខក្លាយជាឧបករណ៍សម្រាប់ក្រុមអ្នកឈ្លានពានប្រើប្រាស់ដើម្បីធ្វើឱ្យសកម្មភាពខុសច្បាប់របស់ពួកគេក្លាយជាជារឿងស្របច្បាប់ ខណៈដែលការចរចានៅប្រទេសប៉ាកីស្ថានកាលពីខែមេសាកន្លងទៅមិនទទួលបានលទ្ធផលឡើយ៕
ចែករំលែកព័តមាននេះ