រាជធានីភ្នំពេញ ៖ ក្រោយពីជំនួបត្រីភាគី កម្ពុជា ហ្វីលីពីន និងថៃ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានប្រកាសស្វាគមន៍ចំពោះជំនួបនេះ និងស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត ។ នេះបើតាមការបញ្ចាក់របស់អ្នក នាំ ពាក្យរាជរដ្ឋាភិបាល ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ថា ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន ។ តាមបញ្ជាក់ជូនថា ក្នុងជំនួបត្រីភាគីនោះ ភាគីទាំងអស់សុទ្ធតែបានសម្តែងក្តីប្រាថ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ដោយសម្តេចធីបតី នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុច៣នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញ នូវខ្លឹមសារចំណុច៣នេះ ដូចតទៅ៖ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ។
ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិង
ខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្ម ការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន ។
ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ ៕
ចែករំលែកព័តមាននេះ