ទីក្រុងឌុយបៃ៖ យោធាអាមេរិកបានបាញ់ទៅលើនាវាដឹកប្រេង២គ្រឿងរបស់អ៊ីរ៉ង់កាលពីយប់មិញបន្ទាប់ពីមានការបាញ់តដៃគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅច្រកសមុទ្រហ័រម៉ូស។ ទន្ទឹមនឹងនោះ ប្រទេសអារ៉ាប់រួមរាយការណ៍អំពីករណីអ៊ីរ៉ង់វាយប្រហារចូលទឹកដីខ្លួនដោយមីស៊ីល និងដ្រូន។ ការវាយប្រហារលើកនេះបង្កជាការមន្ទិលសង្ស័យថាតើបទឈប់បាញ់ដែលអាមេរិកប្រកាសឡើងនោះអាចនឹងនៅឋិតថេរចីរកាលដែរឬទេ។ ទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំចម្លើយពីអ៊ីរ៉ង់ចំពោះសំណើចុងក្រោយរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម ដើម្បីបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ និងដើម្បីបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ ថ្លែងដោយក្ដីសង្ឃឹមថានឹងទទួលបានចម្លើយដ៏ប្រាកដប្រជាមួយពីអ៊ីរ៉ង់ត្រឹមរាត្រីនេះ។ យោធាអាមេរិកថ្លែងថាខ្លួនបានបង្អាក់ដំណើររបស់នាវាដឹកប្រេង២គ្រឿងរបស់អ៊ីរ៉ង់ដែលព្យាយាមបុកទម្លុះរបាំងការពារការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ដើម្បីចាកចេញពីកំពង់ផែ។ កាលពីប៉ុន្មានម៉ោងមុននោះ ពួកយោធាអាមេរិកនិយាយថាខ្លួនទប់ស្កាត់ទាន់ពេលវេលានូវការប៉ុនប៉ងបាញ់ប្រហារទៅលើនាវាបីគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក។ យោធាអាមេរិកព្រមទាំងបានវាយប្រហារបកវិញទៅលើទីតាំងយោធារបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រម៉ូសផងដែរ។

អ៊ីរ៉ង់បានបិទខ្ទប់ដែនសមុទ្រសំខាន់ៗភាគច្រើនដែលធ្វើឱ្យវិស័យដឹកជញ្ជូនថាមពល (ប្រេង, ហ្គាស) ជួបបញ្ហាលំបាក។ ជាការវាយបកវិញ អាមេរិកចាត់វិធានការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់ចេញ និងចូលកំពង់ផែរបស់អ៊ីរ៉ង់បានឡើយ។ ក្រសួងការពារជាតិអារ៉ាប់រួមថ្លែងថាមនុស្សបីនាក់រងរបួសបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនចាត់វិធានការបាញ់ទម្លាក់មីស៊ីលផ្លោង២គ្រាប់ និងដ្រូនបីគ្រឿងរបស់អ៊ីរ៉ង់។ គេមិនទាន់ដឹងច្បាស់ថាតើអារ៉ាប់រួមបានបាញ់ទម្លាក់ដោយជោគជ័យដែរឬទេ។

យោធាអាមេរិកបានបង្ហោះវីឌីអូឃ្លីបនៅលើបណ្ដាញសង្គមបង្ហាញនាវាដឹកប្រេង២គ្រឿងរបស់អ៊ីរ៉ង់រងការវាយប្រហារពីយន្តហោះរបស់អាមេរិក។ កាលពីដើមសប្ដាហ៍នេះ យន្តហោះចម្បាំងរបស់អាមេរិកក៏ធ្លាប់បាញ់នាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿងដែលអាមេរិកអះអាងថាព្យាយាមទម្លុះចេញពីការបិទខ្ទប់។ ក្រោយមកនៅល្ងាចថ្ងៃព្រហស្បតិ៍ យោធាអាមេរិកអះអាងថាខ្លួនទប់ស្កាត់ការប៉ុនប៉ងវាយប្រហារពីសំណាក់យោធាអ៊ីរ៉ង់ទៅលើនាវាបីគ្រឿងរបស់កងទ័ពជើងទឹកអាមេរិកនៅច្រកសមុទ្រហ័រម៉ូស។ មិនតែប៉ុណ្ណោះយោធាអាមេរិកវាយបកវិញទៅលើទីតាំងយោធារបស់អ៊ីរ៉ង់។ អាមេរិកអះអាងថាគ្មាននាវារបស់ខ្លួនណាមួយទទួលរងការវាយប្រហារទេ។ លោករូប៊ីអូថ្លែងប្រាប់អ្នកសារព័ត៌មានថាពួកគេ (អ៊ីរ៉ង់) គំរាមកំហែងមកលើយើង។ ដូច្នេះ ពួកគេត្រូវតែទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ